អឺរ៉ុប៖ មនុស្សរាប់ម៉ឺននាក់បានដើរដង្ហែក្បួនក្នុងរដ្ឋធានី Brussels របស់ប្រទេសបែលហ្ស៊ិក ដើម្បីតវ៉ាប្រឆាំងនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19។ បាតុករខ្លះបានគប់កាំជ្រួចទៅលើកងកម្លាំងមន្ត្រីនគរបាលដែលបានអន្តរាគមន៍ដោយឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក។

បាតុករប្រឆាំងជាចម្បងចំពោះការប្រើប្រាស់ប័ណ្ណបញ្ជាក់ថាគ្មានការឆ្លងវីរុស Covid-19 ដែលរារាំងអ្នកទាំងឡាយណាដែលមិនបានទទួលការចាក់វ៉ាក់សាំងមិនឱ្យចូលទៅកន្លែងនានា ដូចជាភោជនីយដ្ឋាន ឬបារជាដើម។ វិធានការនេះមានឡើង បន្ទាប់ពីការតវ៉ាថ្មីៗនៅក្នុងប្រទេសហូឡង់ប្រឆាំងនឹងវិធានការបិទខ្ទប់ថ្មី។ កាលពីថ្ងៃសៅរ៍ ប្រជាជនបានគប់កាំជ្រួចដាក់នគរបាល និងដុតទោចក្រយាននៅទីក្រុងឡាអេ មួយយប់បន្ទាប់ពីការតវ៉ានៅទីក្រុង Rotterdam ក្លាយជាហិង្សា ហើយនគរបាលបានបាញ់កាំភ្លើង។ នគរបាលហូឡង់បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៤៨នាក់បន្ទាប់ពីអំពើកុបកម្មហិង្សាឈានចូលដល់ថ្ងៃទី២ បានផ្ទុះឡើងជុំវិញវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។

បាតុកររាប់ពាន់នាក់ក៏បានចេញតវ៉ាផងដែរនៅតាមដងផ្លូវក្នុងប្រទេសអូទ្រីស ក្រូអាត និងអ៊ីតាលី ខណៈដែលកំហឹងបានកើតមានឡើងជុំវិញវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសជាថ្មី។ នៅប្រទេសបែលហ្ស៊ិក ច្បាប់ស្ដីពីការពាក់ម៉ាស់ត្រូវបានរឹតបន្តឹងរួមទាំងកន្លែងនានាដូចជាភោជនីយដ្ឋាន ជាទីដែលតម្រូវឱ្យមានកាតបញ្ជាក់ថាគ្មានវីរុស Covid-19 ហើយប្រជាជនបែលហ្ស៊ិកភាគច្រើននឹងត្រូវធ្វើការពីផ្ទះ ៤ថ្ងៃក្នុងមួយសប្ដាហ៍រហូតដល់ពាក់កណ្ដាលខែធ្នូ។ ក៏មានគម្រោងចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលជាកំហិតផងដែរ។ កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមាន "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីការកើនឡើងនៃករណីឆ្លង វីរុសកូរ៉ូណា ឬ COVID-19 នៅលើទ្វីបនេះ៕
អត្ថបទ៖ សុខមាន