រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងសុន្ទរកថាតាមវីដេអូ នៅឯកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៥៨ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) ដោយសង្កត់ធ្ងន់លើឆន្ទៈរបស់ប្រទេសចិន ក្នុងការធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីលើកកម្ពស់ទស្សនៈត្រឹមត្រូវពីសិទ្ធិមនុស្ស ហើយជំរុញឲ្យមានកំណែទម្រង់ និងធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចសិទ្ធិមនុស្សសកល។

នៅក្នុងសុន្ទរកថាដែលមានចំណងជើងថា «ការជំរុញកំណែទម្រង់ និងការកែលម្អអភិបាលកិច្ចសិទ្ធិមនុស្សសកល ដើម្បីលើកកម្ពស់វិធីសាស្រ្តត្រឹមត្រូវ ចំពោះសិទ្ធិមនុស្ស» លោក Wang ដែលក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរ បាននិយាយថា កាលពី ៨០ឆ្នាំមុន UN ត្រូវបានបង្កើតឡើងក្នុងពេលដែលមនុស្ស នៅជុំវិញពិភពលោក មានសង្ឈឹមថា សន្តិភាពនឹងកើតឡើង ក្រោយមានជម្លោះយ៉ាងយូរ ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកដំណើរការរីកចម្រើនរបស់មនុស្សជាតិ។

លោក Wang បានបន្តថា៖ «៨០ឆ្នាំក្រោយមក ការប្រែប្រួលសកលលោក បានកើតមានឡើងក្នុងល្បឿនដ៏លឿន ដែលមិនធ្លាប់បានឃើញ ក្នុងរយៈពេល ១សតវត្សរ៍។ ឆ្លើយតបនឹងបញ្ហានេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអំពាវនាវឲ្យមានការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ហើយបានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយស្នើនូវដំណោះស្រាយរបស់ប្រទេសចិន សម្រាប់ពិភពលោក»។

លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីបន្តរក្សានូវវិធីសាស្រ្តត្រឹមត្រូវ ចំពោះសិទ្ធិមនុស្ស និងជំរុញឲ្យមានកំណែទម្រង់ និងធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចសិទ្ធិមនុស្សសកល ដោយប្រកាន់ខ្ជាប់នូវក្ដីស្រមៃដើម និងគោលដៅដំបូង លើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាន់ខ្ជាប់នូវការចូលរួម និងរៀនសូត្រពីគ្នាទៅវិញទៅមក៕