បណ្ដាបេក្ខភាពឈានមុខគេ ដែលកំពុងប្រជែងគ្នា ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីកាណាដារបស់លោក Justin Trudeau បានចំណាយពេលវេលាដោយច្រើន ក្នុងអំឡុងពេលជជែកដេញដោលតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) ដើម្បីពិភាក្សាអំពីតម្រូវការ ក្នុងការប្រឈមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

ការបោះឆ្នោតលើកក្រោយ ត្រូវតែធ្វើឡើងត្រឹមថ្ងៃទី២០ ខែតុលាឆ្នាំនេះ ហើយរហូតមកដល់ពេលថ្មីៗនេះ ក្រុមប្រឆាំងផ្លូវការ គឺគណបក្ស Conservatives (អភិរក្សនិយម) មើលទៅទំនងទទួលបានជ័យជម្នះយ៉ាងងាយស្រួល បន្ទាប់ពីគណបក្ស Liberal (សេរីនិយម) គ្រប់គ្រងអស់រយៈពេលជាង ៩ឆ្នាំ។
ប៉ុន្តែការប្រកួតប្រជែងនាពេលនេះ គឺកាន់តែមានភាពស្វិតស្វាញ ដោយសារការគំរាមកំហែងរបស់លោក Trump ក្នុងការដំឡើងពន្ធលើការនាំចូលទាំងអស់ពីប្រទេសកាណាដា។

ក្នុងអំឡុងពេលជជែកដេញដោលជាភាសាបារាំងរយៈពេល ២ម៉ោង ដែលមានបេក្ខជន ៤រូប លោកស្រី Chrystia Freeland អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា៖ «លោក Trump តំណាងឲ្យការគំរាមកំហែងដ៏ធំបំផុត ចំពោះប្រទេសកាណាដា គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក»។
លោកស្រី Freeland ដែលបានជួយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក-កាណាដា-ម៉ិកស៊ិក អំឡុងអាណត្តិដំបូងរបស់រដ្ឋបាលលោក Trump បាននិយាយថា នាពេលនេះ លោកប្រធានាធិបតីអាមេរិក បានប្តេជ្ញាធ្វើសង្រ្គាមសេដ្ឋកិច្ច ប្រឆាំងនឹងកាណាដា។ លោកស្រីបានបន្ថែមថា៖ «ប៉ុន្តែលើកនេះការគំរាមកំហែងរបស់លោក Trump គឺកាន់តែអាក្រក់ទៅៗ ដោយលោកចង់ធ្វើឲ្យកាណាដាក្លាយជារដ្ឋទី ៥១ របស់ងាមេរិក»។
ប្រទេសកាណាដាបានបញ្ជូនទំនិញ និងសេវាកម្មចំនួន ៧៥ភាគរយរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ហើយនឹងធ្លាក់ចូលឱនភាពសេដ្ឋកិច្ច ប្រសិនបើការដំឡើងពន្ធគយនៅតែបន្តមាន៕