ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នាថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសរបស់លោក បានធ្វើដំណើរមកឆ្ងាយហើយ ក្នុងការកសាងកងទ័ពដ៏មានឥទ្ធិពលមួយ ប៉ុន្តែការមានអាវុធដែលគ្មានមនោគមវិជ្ជា គឺគ្រាន់តែជា «ដែក» ប៉ុណ្ណោះ ខណៈដែលលោក បានសង្កត់ធ្ងន់ពីភាពស្មោះត្រង់របស់ក្រុមយោធាវរជន។

សុន្ទរកថារបស់លោក គីម នៅឯសាកលវិទ្យាល័យនយោបាយ គីម អ៊ីល ស៊ុង (Kim Il Sung University of Politics) កើតឡើងចំពេលដែលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅក្នុងប្រទេស ដោយកងទ័ពរបស់ខ្លួនជាង ១០.០០០នាក់ដែលកំពុងប្រយុទ្ធរួមជាមួយរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានរាយការណ៍ថា បានរងការបាត់បង់យ៉ាងធ្ងន់ធ្ងរ។

លោក គីម បាននិយាយថា កងទ័ពប្រជាជនកូរ៉េ (KPA) មានគោលបំណងក្លាយជាយោធាខ្លាំងបំផុតរបស់ពិភពលោក ហើយការផ្តោតសំខាន់នៃបេសកកម្មគួរតែ «គ្មានអ្វីផ្សេងក្រៅពីគុណសម្បត្តិផ្នែកនយោបាយ មនោគមវិជ្ជា ស្មារតី និងសីលធម៌របស់កងទ័ព បក្ស និងប្រជាជននោះឡើយ»។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍ថា «ដោយនិយាយថា អាវុធដោយគ្មានមនោគមវិជ្ជា គឺគ្រាន់តែជាប្រភេទដែកដ៏តូចនោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាង KPA គួរតែផ្ដោត និងតម្រង់ទិសយ៉ាងហ្មត់ចត់ ឆ្ពោះទៅរកការផ្តល់អាទិភាពដល់ការធ្វើឲ្យកងទ័ពមានភាពរឹងមាំខាងផ្នែកនយោបាយ មនោគមវិជ្ជា និងសីលធម៌»៕