ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានគេរំពឹងថានឹងធ្វើសេចក្តីថ្លែងការណ៍បិទបញ្ចប់នៅថ្ងៃអង្គារ (២៥ កុម្ភៈ) នេះ នៅក្នុងការកាត់ក្តីរបស់តុលាការធម្មនុញ្ញ ដែលពិនិត្យមើលការចោទប្រកាន់ទម្លាក់តំណែងរបស់លោក ខណៈសវនាការជាសាធារណៈបានបញ្ចប់ ហើយជោគវាសនានយោបាយរបស់លោកស្ថិតក្នុងដៃចៅក្រម ៨រូប។

លោក Yoon ប្រឈមនឹងការដកពីអំណាច តិចជាងបីឆ្នាំនៅក្នុងតំណែងប្រធានាធិបតីរយៈពេល ៥ឆ្នាំរបស់ខ្លួន ប្រសិនបើតុលាការសម្រេចគាំទ្រការចោទប្រកាន់ទម្លាក់តំណែងរបស់សភា ដែលចោទលោកថា បានប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី០៣ ខែធ្នូ ដោយពុំមានហេតុផលរដ្ឋធម្មនុញ្ញ។

ប្រធានាធិបតីរូបនេះបានលើកឡើងនៅក្នុងដំណើរការកាត់ក្តីរបស់ខ្លួនថា លោកមានសិទ្ធិប្រកាសច្បាប់អាជ្ញាសឹក ហើយមិនមានបំណងដាក់ការគ្រប់គ្រងដោយយោធាពេញលេញទេ ដោយអះអាងថា លោកមានបំណងចង់ព្រមានអំពីការរំលោភបំពានរបស់បក្សប្រឆាំង ដោយសារតែសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភា។
ពេលនេះ លោក Yoon កំពុងត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ជុំវិញសំណុំរឿងព្រហ្មទណ្ឌដាច់ដោយឡែកមួយបទចោទប្រកាន់ដឹកនាំការបះបោរ។ តុលាការធម្មនុញ្ញ មិនប្រាប់ពីពេលវេលាដែលខ្លួននឹងផ្តល់សេចក្តីសម្រេចលើលោក Yoon ទេ ប៉ុន្តែតយលារការមានពេលរហូតដល់ ៦ខែ រាប់ចាប់ពីថ្ងៃទី១៤ ខែធ្នូ នៅពេលដែលខ្លួនចុះបញ្ជីសំណុំរឿងនេះ៕