បាល់ទាត់៖ រសៀល និងល្ងាចនេះការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២១ ពានថ្នាក់ជាតិ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ក្លិបបាល់ទាត់បឹងកេងម្ចាស់ពានរង្វាន់សម្តេចតេជោឆ្នាំ២០១៩ បើកទ្វារកីឡដ្ឋាន Cambodia Airways ទទួលម្ចាស់ពានឆ្នាំ២០២០ វិសាខាវេលាម៉ោង ៣និង០០នាទី។
មុនឡើងដល់វគ្គនេះ បឹងកេតបានវាយបកតាមពីក្រោយយកស្មើ និងឈ្នះណាហ្កាដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ខណៈដែលវិសាខាឈ្នះអាស៊ីអឺរ៉ុប ៦ទល់នឹង០។ ឆ្នាំ២០២០ វគ្គ ៨ក្រុមចុងក្រោយ វិសាខាឈ្នះបឹងកេតដោយបាល់កាត់សេចក្តីម៉ែត្រ ដើម្បីឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំនែកមួយប្រកួតទៀត ព្រះខ័នរាជស្វាយរៀងម្ចាស់ពាន ៤ដងបើកកីឡដ្ឋានខេត្តស្វាយរៀងទទួលភ្នំពេញក្រោនម្ចាស់ពានសម្តេចតេជោ ២ដងវេលាម៉ោង ៦និង០០នាទីល្ងាច។
ដើម្បីឡើងមកដល់វគ្គនេះ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង០ ស្របពេលដែលភ្នំពេញក្រោនឈ្នះអគ្គិសនីកម្ពុជា ១ទល់នឹង០។ នេះជាលើកទី៦ ដែលក្លិបទាំង២ ជួបគ្នាក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១២ ក្នុងនោះព្រះខ័នរាជស្វាយរៀងភាគច្រើនឡើងទៅវគ្គបន្ត។ ភ្នំពេញក្រោនទើបឈ្នះជើងឯកលីគ ខណៈព្រះខ័នរាជស្វាយរៀងបានត្រឹមជើងឯករង។ សម្រាប់ការប្រកួតនេះក្លិបណាឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ៕
អត្ថបទ៖ គង់ ហួន