ការធ្លាក់ចុះនៃអត្រាចាក់វ៉ាក់សាំងបង្ការ និងការផ្ទុះឡើងនៃជំងឺពីកុមារភាពដូចជាកញ្ជ្រឹលដែលធ្លាប់តែត្រូវបានរារាំង រួមទាំងការតែងតាំងអ្នករិះគន់រឿងចាក់វ៉ាក់សាំងឱ្យក្លាយជារដ្ឋមន្រ្តីសុខាភិបាលអាមេរិក បានធ្វើឱ្យអ្នកជំនាញជាច្រើនប្រកាសអាសន្នពីវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ ដែលកំពុងកើតមានយ៉ាងគួរឱ្យបារម្ភ។

ចាប់តាំងពីដើមឆ្នាំ២០២៥ មក អ្នកកើតជំងឺកញ្ជ្រឹលជិត ១០០ករណី ត្រូវបានរាយការណ៍នៅក្នុងរដ្ឋតិចសាស់ (Texas) និងរដ្ឋ ញូវម៉ិកស៊ិកកូ (New Mexico) ដែលនៅជិតខាង ដោយបង្កើនការភ័យខ្លាចថា ជំងឺដែលអាចឆ្លងខ្លាំង និងមានសក្តានុពលធ្ងន់ធ្ងរនេះ កំពុងវិលត្រឡប់មកវិញ។

ស្របពេលមានការមិនទុកចិត្តកាន់តែខ្លាំងឡើងលើអាជ្ញាធរសុខាភិបាល និងក្រុមហ៊ុនឱសថ ឪពុកម្តាយកាន់តែច្រើនជ្រើសរើសមិនចាក់វ៉ាក់សាំងឱ្យកូនៗរបស់ពួកគេ។ សមាមាត្រនៃកុមារអាយុកម្រិតមត្តេយ្យសិក្សា ដែលបានចាក់វ៉ាក់សាំងកាតព្វកិច្ចប្រឆាំងនឹងជំងឺកញ្ជ្រឹលនេះ បានធ្លាក់ចុះទូទាំងប្រទេសពីតួលេខ ៩៥% ក្នុងឆ្នាំ២០១៩ មកនៅតិចជាង ៩៣% នៅឆ្នាំ២០២៣។

អ្នកជំនាញព្រមានថា និន្នាការនេះអាចកាន់តែអាក្រក់ទៅៗក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីសុខាភិបាលដែលទើបតែងតាំងថ្មី គឺលោក Robert Kennedy Jr ដែលបានចោទសួរម្តងហើយម្តងទៀតពីសុវត្ថិភាពវ៉ាក់សាំង និងផ្សព្វផ្សាយព័ត៌មានមិនពិតលើបញ្ហានេះ៕