យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួនពីរកន្លែងនៅក្រុងរ៉ាហ្វា ភាគខាងត្បូងនៃដែនដីហ្កាហ្សាស្រ្ទីប កាលពីថ្ងៃចន្ទ (២៤ កុម្ភៈ) បន្ទាប់ពីកំណត់អត្តសញ្ញាណថាមានការប៉ុនប៉ងបាញ់បង្ហោះគ្រាប់រ៉ូកែតចេញពីក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។

មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសទេ ខណៈសាក្សីឃើញផ្ទាល់ភ្នែក បានរាយការណ៍ថាឮសំឡេងផ្ទុះខ្លាំង ដោយអណ្តាតភ្លើង និងផ្សែងបានហុយចេញពីទីតាំងគោលដៅមួយ ហើយរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ទៅកន្លែងកើតហេតុនោះ។
សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលបានឱ្យដឹងថា កងទ័ពអាកាសរបស់ខ្លួនបានកំណត់គោលដៅលើតំបន់ ដែលមានការប៉ុនប៉ងបាញ់រ៉ូកែត ហើយខ្លួនក៏បានកម្ទេចជើងទម្របាញ់រ៉ូកែតនៅតំបន់ហ្កាហ្សាផងដែរ។
ពុំមានក្រុមប៉ាឡេស្ទីនណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការប៉ុនប៉ងបាញ់រ៉ូកែតនេះទេ។ ឧបទ្ទវហេតុនេះបានកើតឡើង ស្របពេលបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅដែនដីហ្កាហ្សា ដែលចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ខិតជិតទីបញ្ចប់នៅដើមខែក្រោយនេះ៕

