អាជ្ញាធរប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ (២៤ កុម្ភៈ) បានព្រមានពីបញ្ហាវិបត្តិសុខភាព និងបរិស្ថានធ្ងន់ធ្ងរនៅក្នុងទីក្រុងហ្កាហ្សា ខណៈគំនរសំរាមគរដូចភ្នំកំពុងកើនឡើងកាន់តែច្រើន ហើយប្រតិបត្តិការសម្អាតកំពុងជួបការលំបាក ស្របពេលមានការរឹតបន្តឹងរបស់អ៊ីស្រាអែល។
អាជ្ញាធរបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ទីក្រុងហ្កាហ្សា កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយផ្នែកសុខភាព និងបរិស្ថានដ៏ធំមួយ ដោយសារតែការប្រមូលផ្តុំសំរាមប្រហែល ១៧០.០០០តោន នៅតាមដងផ្លូវ និងកន្លែងចាក់សំរាមបណ្តោះអាសន្ន ដែលអាចបំផ្លាញសុខភាពអ្នកស្រុក និងបន្ថែមពីលើទុក្ខវេទនាដែលពលរដ្ឋហ្កាហ្សាកំពុងតែប្រឈមមុខរួចទៅហើយ"។

អាជ្ញាធរនេះចោទអ៊ីស្រាអែល ថារារាំងក្រុមការងារមិនឱ្យទៅដល់កន្លែងចាក់សំរាមដ៏សំខាន់នៅភាគខាងកើត បន្ទាប់ពីការបំផ្លាញ ៨០% នៃគ្រឿងចក្រ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
ដែនដីហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ និងពោរពេញដោយសំណល់អគារ និងគំនរបាក់បែក ដោយសារប្រតិបត្តិការសឹករបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនរបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣៕

