បាល់ទាត់៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស ២រូបរួមមានខ្សែប្រយុទ្ធអេស្ប៉ាញ Miguel Angel Junco Martinez ហៅ Mika និងខ្សែបម្រើជប៉ុន Daisuke Kobayashi ។ ការចែកផ្លូវការនេះធ្វើឡើងក្រោយលីគកំពូលកម្ពុជាឆ្នាំ២០២១ បានបញ្ចប់កាលពីថ្មីៗដោយព្រះខ័នរាជស្វាយរៀងទទូលបានជើងឯករង។

ចំពោះកីឡាករ Mika ត្រូវបានអ្នកគាំទ្រក៏ដូចជាគ្រូបង្វឹកចាត់ទុក ជាខ្សែប្រយុទ្ធដ៏យល់ចិត្តជាមួយខ្សែប្រយុទ្ធស្នូល Privat ជាក់ស្ដែងសម្រាប់ការបង្ហាញខ្លួនពេញមួយរដូវកាលកន្លងមក ក្រៅពីរកបាន ១៥គ្រាប់រួមចំណែកជួយក្រុមទទួលបានជើងឯករង កីឡាករអេស្ប៉ាញរូបនេះក៏តែងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីផងដែរ ពិសេស Assist ឲ្យ Privat តែម្ដង។ ដោយឡែក Daisuke វិញត្រូវបានក្រុមការងារ ក៏ដូចជាមិត្តរួមក្រុម សម្ដែងការស្ដាយស្រណេះចំពោះការចាកចេញមួយនេះ ដ្បិតគេបានចំណាយពេល ៤រដូវកាលមកហើយជាមួយក្រុមព្រះខ័នរាជស្វាយរៀង និងធ្លាប់រួមចំណែកជួយក្រុមគ្រងជើងឯកលីគំពូលកម្ពុជាកាលពីឆ្នាំ២០១៩ ទៀតផង។
មុនចាកចេញ Daisuke បានលើកឡើងយ៉ាងខ្លីថា លីគកំពូលកម្ពុជាគឺមានការរីកចម្រើនរាល់ឆ្នាំ ហើយកម្រិតប្រកួតប្រជែងក៏មិនងាយស្រួលដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែពិបាកទៀតផង។ ជាមួយការចាកចេញរបស់កីឡាករបរទេសទាំង ២រូបនេះពុំត្រូវបានទម្លាយអំពីមូលហេតុនោះទេ តែថ្នាក់ដឹកនាំ និងកីឡាករនៃក្លិបព្រះខ័នរាជស្វាយរៀងបានថ្លែងអំណរគុណ និងជូនពរពួកគេទទួលបានជោគជ័យបន្ថែមទៀតក្នុងអាជីពនាថ្ងៃអនាគត៕
អត្ថបទ៖ លី ឈុនឡា