រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានអំពាវនាវឲ្យមានកិច្ចសន្ទនាក្នុងន័យស្ថាបនា ប៉ុន្តែបានទប់ទល់នឹងការរិះគន់ពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន ខណៈដែលលោក បានមកដល់កាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សា នៅទីក្រុងប្រ៊ុចសែល។
លោករដ្ឋមន្ត្រីអ៊ីស្រាអែល បានជួបជាមួយមន្ត្រីជាន់ខ្ពស់អឺរ៉ុប ដោយស្តារឡើងវិញនូវកិច្ចសន្ទនា ជាមួយសហភាពអឺរ៉ុប ខណៈដែលប្លុកនេះ ពិចារណាពីតួនាទីក្នុងការកសាងតំបន់ហ្កាហ្សាឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ កាលពីខែមុន។
លោក Saar បានប្រាប់អ្នកយកព័ត៌មាន នៅពេលមកដល់ថា៖«ខ្ញុំកំពុងស្វែងរកការសន្ទនាក្នុងន័យស្ថាបនា ដែលជាការបើកចំហ និងស្មោះត្រង់ ហើយខ្ញុំជឿថា នេះជាអ្វីនឹងកើតមាន»។
លោកបានបន្ថែមថា៖«យើងដឹងពីរបៀបប្រឈមនឹងការរិះគន់ វាមិនមានបញ្ហាអីទេ ដរាបណាការរិះគន់ មិនជាប់ទាក់ទងនឹងការបំផ្លាញភាពស្របច្បាប់ ការបង្ខូចកេរ្តិ៍ឈ្មោះ ឬស្តង់ដាពីរ...ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាគ្រប់យ៉ាង ដោយបើកចិត្តទូលាយ»។
លោក Saar ធ្វើជាសហប្រធានកិច្ចប្រជុំនៃក្រុមប្រឹក្សាសមាគមសហភាពអឺរ៉ុប-អ៊ីស្រាអែល ជាមួយប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas នៅក្នុងកិច្ចប្រជុំលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២។
កិច្ចពិភាក្សាផ្តោតលើស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ទំនាក់ទំនងអ៊ីស្រាអែល-ប៉ាឡេស្ទីន និងជុំរុញការទំនាក់ទំនងរវាងប្រទេសក្នុងតំបន់។