ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាក់វ៉ាក់សាំងកុមារជាង ៤៥៤.០០០នាក់ ប្រឆាំងនឹងជំងឺស្វិតដៃជើង នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេលពីរថ្ងៃ កន្លងទៅនេះ។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើម បូព៌ា (UNRWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យុទ្ធនាការទ្រង់ទ្រាយធំនេះ មានគោលបំណងការពារកុមារពីគ្រោះថ្នាក់នៃជំងឺនេះ ចំពេលមានបញ្ហាប្រឈមផ្នែកមនុស្សធម៌ នៅក្នុងតំបន់»។
អង្គការ UNRWA បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារសុខភាពកុមារ និងការពង្រឹងភាពស៊ាំរបស់ពួកគេ។
អង្គការនេះ បានបញ្ជាក់ថា ក្រុមវេជ្ជសាស្រ្ដរបស់ខ្លួន បានធ្វើការពេញម៉ោង ក្នុងការសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាថា វ៉ាក់សាំងទៅដល់កុមារគោលដៅទាំងអស់។
ដោយលើកឡើងពីសារៈសំខាន់នៃការចាក់ថ្នាំ ដើម្បីការបង្ការជំងឺរាតត្បាត អង្គការ UNRWA បានជំរុញឲ្យ ក្រុមគ្រួសារបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមសុខាភិបាល ដើម្បីធានាថា កុមារគ្រប់រូបទទួលបានវ៉ាក់សាំងចាំបាច់ទាំងនេះ។
យុទ្ធនាការនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពទូលំទូលាយរបស់ទីភ្នាក់ងារ ដែលផ្តល់ការថែទាំសុខភាពបឋម និងបង្ការដល់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងតំបន់ប្រតិបត្តិការផ្សេងទៀត។
ទោះបីជាមានការហាមឃាត់ថ្មីៗនេះរបស់អ៊ីស្រាអែលលើសកម្មភាពរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីនក៏ដោយ ក៏UNRWA នៅតែបន្តផ្តល់សេវាមនុស្សធម៌ ដល់ប្រជាជននៅតំបន់ហ្កាហ្សាដែរ។