កងកម្លាំងអ៊ីស្រាអែល បានឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ៣៦៥នាក់ នៅក្នុងទីក្រុង Jenin និង Tulkarem នៃតំបន់វេសបែងភាគខាងជើង ចាប់តាំងពីពាក់កណ្តាលខែមករា។ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស ដែលមានទំនាក់ទំនងជាមួយអាជ្ញាធរប៉ាឡេស្ទីន។
អង្គការសង្គមអ្នកទោសប៉ាឡេស្ទីន បានចងក្រងឯកសារនៃការចាប់ខ្លួនមនុស្ស ៣៦៥នាក់ បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅទីក្រុង Jenin កាលពីថ្ងៃទី ២១ ខែមករា ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោស ត្រូវបានឈានដល់ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
ក្រុមនេះ បាននិយាយថា ក្នុងអំឡុងពេល ៣៥ថ្ងៃ នៃប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងជំរំជនភៀសខ្លួន Jenin យ៉ាងហោចណាស់មនុស្ស ២០០នាក់ ត្រូវបានឃាត់ខ្លួន ខណៈនៅទីក្រុង Tulkarem មនុស្ស ១៦៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានកុមារ ស្ត្រី និងមនុស្សចាស់។
កងកម្លាំងអ៊ីស្រាអែល បានដាក់ពង្រាយរថក្រោះទៅកាន់ជំរំជនភៀសខ្លួន Jenin នៅសប្តាហ៍នេះ បន្ទាប់ពីបានជម្លៀសមនុស្សជិត ២០.000 នាក់ រួមជាមួយនឹងជនភៀសខ្លួនប៉ាឡេស្ទីន ២០.000នាក់ទៀតមកពីជំរំជនភៀសខ្លួន Tulkarem និង Nur Shams ហើយបាននិយាយថា ខ្លួនមានគម្រោងរក្សាកងកម្លាំង នៅក្នុងតំបន់ទាំងនេះ « រយៈពេលជាច្រើនខែ»។