រដ្ឋាភិបាលស៊ូដង់កាលពីថ្ងៃចន្ទ បានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងប្រទេសកេនយ៉ា ជុំវិញការផ្តល់ទីកន្លែងសម្រាប់សកម្មភាពរបស់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF)។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសស៊ូដង់ លោក Hussein al-Amin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Port Sudanថា៖«យើងនឹងដាក់ឯកសារ ទៅកាន់សហភាពអាហ្រ្វិក និងអង្គការអន្តរជាតិផ្សេងទៀត ហើយយើងមានវិធានការដ៏ហ្មត់ចត់ប្រឆាំងនឹងប្រទេសកេនយ៉ា ជុំវិញជំហរអរិភាពរបស់ខ្លួនចំពោះប្រទេសស៊ូដង់»។
លោកបានបន្ថែមថា៖«យើងនឹងចាត់វិធានការសេដ្ឋកិច្ច រួមមានការហាមឃាត់ការនាំចូលផលិតផលរបស់កេនយ៉ា ជាពិសេសចាប់តាំងពីស៊ូដង់ គឺជាប្រទេសនាំចូលតែដ៏ធំបំផុតមួយរបស់ប្រទេសកេនយ៉ា»។
មន្ត្រីស៊ូដង់បានចោទប្រកាន់ប្រទេសកេនយ៉ាថា បានគាំទ្រកងកម្លាំង RSF ដែលបានប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣។
លោកបានពណ៌នាអំពីការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសកេនយ៉ានូវពិធីចុះហត្ថលេខារបស់កងកម្លាំង RSF និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់បង្កើតធម្មនុញ្ញ ដែលអំពាវនាវឲ្យមានការបង្កើតរដ្ឋាភិបាលស្រមោលមួយថា ជា «ទង្វើអរិភាព និងការជ្រៀតជ្រែកយ៉ាងច្បាស់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ស៊ូដង់»។
លោកបានបញ្ជាក់ថា ទង្វើរបស់កេនយ៉ា គឺជាការរំលោភលើធម្មនុញ្ញ និងកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ រួមទាំងអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក អាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍ និងកិច្ចការ ផ្សេងៗទៀត។