រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នរបស់ស៊ីរី លោក Asaad al-Shaibani កាលពីថ្ងៃចន្ទ បានស្វាគមន៍ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការផ្អាកការដាក់ទណ្ឌកម្មមួយចំនួន លើប្រទេសនេះ ដោយហៅការសម្រេចនេះថា ជាជំហានឆ្ពោះទៅរកការបន្ធូរបន្ថយការឈឺចាប់របស់ប្រជាជនស៊ីរី។
នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក al-Shaibani បាននិយាយថា រដ្ឋាភិបាលស៊ីរី បានចូលរួមក្នុងការពិភាក្សាការទូត ក្នុងរយៈពេល ពីរខែ កន្លងទៅនេះ ដើម្បីជំរុញឲ្យមានការបន្ធូរបន្ថយ «ទណ្ឌកម្មអយុត្តិធម៌» ដែលបានដាក់បន្ទុកដល់ប្រជាជនស៊ីរី។
លោកបានសរសេរថា៖«យើងស្វាគមន៍ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការព្យួរទណ្ឌកម្មលើវិស័យជាក់លាក់ ហើយចាត់ទុកចំណាត់ការនេះថា ជាជំហានឆ្ពោះទៅរកការបន្ធូរបន្ថយការលំបាករបស់ប្រជាជនយើង»។
កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ក្នុងវិស័យដូចជា ថាមពល ការដឹកជញ្ជូន ធនាគារ និងការនាំចេញលើប្រទេសស៊ីរី ក្នុងគោលបំណងជួយដល់ការស្តារឡើងវិញរបស់ខ្លួន បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad) ក្នុងខែធ្នូ ឆ្នាំ ២០២៤។