យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួន បានវាយឆ្មក់លើមូលដ្ឋានទ័ពស៊ីរី និងរឹបអូសឬបំផ្លាញអាវុធ ដែលបានរកឃើញនៅទីនោះ។
យោធាបាននិយាយថា ក្នុងអំឡុងពេលវាយប្រហារនោះថា ទាហានមកពីកងពលទាហានឆ័ត្រយោង «បានកំណត់ទីតាំងកាំភ្លើង គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ដែលបន្សល់ទុកដោយកងកម្លាំងរបបចាស់ស៊ីរី»។ «អ្វីៗទាំងអស់ដែលបានរកឃើញនោះ ត្រូវបានរឹបអូស ឬកម្ទេចចោល»។
យោធាបាននិយាយថា ខ្លួនបានធ្វើការវាយឆ្មក់ស្រដៀងគ្នារាប់សិបលើក ចាប់តាំងពីខែធ្នូ ក្នុងអំឡុងពេលដែលអាវុធត្រូវបាន «កំណត់ទីតាំង រឹបអូស និងបំផ្លាញចោល។
មេបញ្ជាការកងវរសេនាតូច នៅក្នុងកងពលតូចលេខ ៤៧៤ ដែលមិនបញ្ចេញឈ្មោះ បាននិយាយនៅក្នុង វីដេអូដែលចេញផ្សាយដោយយោធាថា គោលបំណងនៃការវាយឆ្មក់គឺ «បំផ្លាញអាវុធ និងសមត្ថភាពទាំងអស់» របស់កងទ័ពស៊ីរី។
លោកបានបញ្ជាក់ថា៖«នេះគឺជាផ្នែកនៃសកម្មភាពជាបន្តបន្ទាប់ ដែលយើងបានរកឃើញគ្រាប់រ៉ូកែត គ្រឿងផ្ទុះ និងគ្រាប់មីន រួមជាមួយនឹងគ្រឿងផ្ទុះផ្សេងទៀត រថក្រោះ និងរថពាសដែក ដែលយើងបាន កម្ទេច។
សេចក្តីប្រកាសនេះ បានធ្វើឡើង មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តវត្តមាន «មិនកំណត់» នៅលើកំពូលភ្នំ Hermon និងនៅក្នុងតំបន់ទ្រនាប់ តាមបណ្តោយព្រំដែនស៊ីរី។ លោកក៏បានអំពាវនាវឲ្យមានការរំសាយកងទ័ពនៃតំបន់ខាងត្បូងក្រុងដាម៉ាសផងដែរ។