ប៉ូឡូញ៖ មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Hajnówka ភាគខាងកើតប្រទេសប៉ូឡូញ ដើម្បីបង្ហាញពីសាមគ្គីភាពដល់ក្រុមជនអន្តោប្រវេសន៍ដែលជាប់គាំងនៅព្រំដែនបេឡារុស។ ប្រទេសប៉ូឡូញបានចោទប្រកាន់ប្រទេសបេឡារុសថា បានបន្តបញ្ជូនក្រុមជនអន្តោប្រវេសន៍តាមនាវាទៅកាន់ព្រំដែនរបស់ខ្លួន បើទោះបីជាមានការបោសសម្អាតជំរំនៅជិតព្រំដែនកាលពីដើមសប្ដាហ៍នេះក៏ដោយ ខណៈដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះបានចាប់ផ្ដើមធ្វើដំណើរ ទៅកាន់រដ្ឋនានានៅតំបន់បាល់ទិកដើម្បីស្វែងរកការគាំទ្រក្នុងការដោះស្រាយវិបត្តិនេះ។

ក្រុមអ្នកតវ៉ាចង់ឱ្យរដ្ឋាភិបាលប៉ូឡូញអនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាលធ្វើការដោយសេរី និងជួយក្រុមជនអន្តោប្រវេសន៍។ ក្នុងចំណោមអ្នកតវ៉ាទាំងនោះលោកស្រី Kaja Jasienko ជាមេធាវីមកពីទីក្រុង Wroclaw ប្រទេសប៉ូឡូញបាននិយាយថា អ្វីដែលយើងទាមទារនៅពេលនេះពីរដ្ឋាភិបាលប៉ូឡូញគឺ - សូមបើកច្រករបៀងអនុញ្ញាតឱ្យអង្គការមនុស្សធម៌ អនុញ្ញាតឱ្យអង្គការវេជ្ជសាស្ត្រនានាចូលទៅក្នុងព្រៃ ចូលទៅក្នុងតំបន់បិទជិត។ អ្នកស្ម័គ្រចិត្តម្នាក់ទៀតមកពីទីក្រុង Warsaw អ្នកស្រី Agnieszka Jusis ក៏បានចូលរួមជាមួយក្រុមបាតុករផងដែរ ដោយអ្នកស្រីលើកឡើងថា ខ្ញុំចង់ជួយមនុស្ស និងក្មេងទាំងនេះ។ "ខ្ញុំគិតថា យើងគួរតែធ្វើអ្វីម្យ៉ាង។ ទោះបីបានត្រឹមតែតវ៉ាក្ដី ប៉ុន្តែយើងគួរតែបង្ហាញដល់រដ្ឋាភិបាលរបស់យើង ប្រធានាធិបតីរបស់យើង នាយករដ្ឋមន្ត្រីរបស់យើងថា យើងនៅទីនេះ យើងមិនយល់ស្របនឹងអ្វីដែលពួកគេកំពុងធ្វើនោះទេ។
ទន្ទឹមនឹងនេះ នគរបាលប៉ូឡូញបានចេញផ្សាយរូបភាពនៃតំបន់នេះ តាមបណ្ដោយព្រំដែនជាមួយប្រទេសបេឡារុស ដែលឥឡូវនេះជំរំជនអន្តោប្រវេសន៍ត្រូវបានសម្អាតទាំងស្រុង។ ប្រទេសបេឡារុសបានបញ្ជូនចេញនូវជនអន្តោប្រវេសន៍ប្រហែល ២,០០០នាក់ដែលកំពុងរស់នៅក្នុងស្ថានភាពត្រជាក់ខ្លាំងទៅកាន់ឃ្លាំងក្បែរនោះ។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Błaszczak បានចោទប្រកាន់ប្រទេសបេឡារុសពី "ការផ្លាស់ប្ដូរយុទ្ធសាស្ត្រ" និង "ដឹកនាំមនុស្សជាក្រុមតូចៗទៅកាន់ចំណុចជាច្រើន នៅតាមបណ្ដោយព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប៕
អត្ថបទ៖ សុខមាន