សមាជិកព្រឹទ្ធសភាអាមេរិកទាំងខាងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋមួយក្រុម នឹងស្នើផ្តល់ដំណោះស្រាយគាំទ្រអ៊ុយក្រែន នៅថ្ងៃចន្ទ ចំពេលមានការព្រួយបារម្ភថា ប្រធានាធិបតី លោក Donald Trump អាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូដែលរំលងទីក្រុងគីវ សម្រាប់សង្គ្រាមរយៈពេល ៣ឆ្នាំបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួន។
ដំណោះស្រាយដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters បង្ហាញពីការមានសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ពលរដ្ឋរាប់ម៉ឺននាក់របស់ប្រទេសនេះ និងប្រឹងប្រែងឲ្យទីក្រុង Kyiv មានវត្តមានក្នុងកិច្ចចរចាបទឈប់បាញ់ណាមួយ។

សំណើរបស់ក្រុមសមាជិកសភានេះកើតមានឡើង ក្នុងពេលដែលទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកត្រូវបានធ្វើឲ្យច្របូលច្របល់ដោយការផ្លាស់ប្តូរគោលជំហររបស់លោក Trump ពាក់ព័ន្ធនឹងសង្រ្គាមនេះ។
ប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ កាលពីសប្តាហ៍មុន បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដោយលើកឡើងថា ទីក្រុងគីវ បានផ្តើមឲ្យមានសង្រ្គាម ហើយបានចាប់ផ្តើមការពិភាក្សា ស្តីពីការបញ្ចប់សង្រ្គាមជាមួយមន្រ្តីរុស្ស៊ី ប៉ុន្តែគ្មានវត្តមានទីក្រុងគីវ ឬសម្ព័ន្ធមិត្តអឺរ៉ុបឡើយ៕

