ជនអន្តោប្រវេសន៍រាប់សិបនាក់ បានជិះទូកតូចៗ ចេញពីកោះមួយ ម្ដុំឆ្នេរការ៉ាអ៊ីបរបស់ប្រទេសប៉ាណាម៉ា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយធ្វើដំណើរឆ្ពោះទៅប្រទេសកូឡុំប៊ី តាមសមុទ្រ ជាផ្នែកនៃការដូរទិសដៅរបស់ក្រុមគ្រួសារអន្តោប្រវេសន៍ដែលបានបោះបង់ចោលការព្យាយាមទៅកាន់សហរដ្ឋអាមេរិក។
យ៉ាងហោចណាស់ទូកចំនួន ៦គ្រឿង ដោយទូកនីមួយៗ មានមនុស្សជិះច្រើនជាងដប់នាក់ បានចាកចេញពីកោះ Gardi Sugdub នៅប្រជុំកោះ San Blas ម្ដុំឆ្នេររបស់ប៉ាណាម៉ា ក្នុងគោលបំណងឆ្ពោះទៅកាន់ឆ្នេរ Playa Miel ក្បែរព្រំដែនប្រទេសកូឡុំប៊ី។
ពីទីនោះ ក្រុមជនអន្តោប្រវេសន៍ទាំងនោះ បានពន្យល់ថា ពួកគេមានគម្រោងបន្តដំណើរឆ្ពោះទៅទិសខាងត្បូង រហូតដល់ផ្ទះ នៅឯប្រទេសកំណើតវេណេហ្ស៊ុយអេឡា។
ការដូរទិសដៅធ្វើដំណើរនេះ កើតឡើងបន្ទាប់ពីមានការបង្រ្កាបរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើអន្តោប្រវេសន៍ខុសច្បាប់ ក្នុងនោះរួមទាំងការហាមប្រាមយ៉ាងទូលំទូលាយមិនឲ្យមានការសុំសិទ្ធិជ្រកកោន បន្ថែមពីលើការលុបចោលកម្មវិធីលើកលែងមនុស្សធម៌ពីមុនរបស់លោក ដែលបានផ្តល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍មួយចំនួន ដើម្បីបានរស់នៅសហរដ្ឋអាមេរិក៕