ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ម៉ីន មូស្ដាន បានទទួលចំណាត់ថ្នាក់លេខ១ លើវិញ្ញាសា Pro Am Ski Modified ក្នុងដំណាក់កាលទី២ នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 នៅប្រទេសថៃ ខណៈជើងខ្លាំង សាលី អូមើត បានធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ៤ ក្រោយម៉ូតូទឹកខ្លួនមានបញ្ហា។

សាលី អូមើត បានឲ្យដឹងថា ការប្រកួតដំណាក់កាលទី២ សម្រាប់ ២ជុំដំបូង ខ្លួនបានបញ្ចប់ក្នុងលេខរៀងទី១ និងលេខរៀងទី៣ តែឈានដល់ជុំទី៣ ម៉ូតូទឹកខ្លួនមានបញ្ហាមិនអាចបញ្ចប់ការប្រកួតបាន ក៏ត្រូវបានកាត់ទៅឈរលេខរៀងក្រោមគេ មុនឈានដល់ជុំចុងក្រោយដែលខ្លួនបានយកម៉ូតូទឹករបស់កីឡាករ កៃ វ៉ាន់ស៊ីដែន មកប្រកួតជំនួស និងបញ្ចប់ក្នុងលេខរៀងទី៥។ សរុបលទ្ធផលទាំង ៤ជុំ អូមើត ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ខណៈកាលពីដំណាក់កទី១ រូបគេទទួលបានចំណាត់ថ្នាក់លេខ១។ យ៉ាងណាមិញ អូមើត បានសម្ដែងមោទនភាពចំពោះប្អូនជីដូនមួយរបស់ខ្លួន ម៉ីន មូស្ដាន ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រហូតទទួលបានលទ្ធផលល្អ លើវិញ្ញាសាកម្រិតខ្ពស់នៃព្រឹត្តិការណ៍អន្ដរជាតិមួយនេះ។

លើសពីនេះកីឡាករវ័យក្មេងកម្ពុជា ២រូបទៀតក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អប្រសើរផងដែរ បើធៀបកាលពីដំណាក់កាលទី១ ក្នុងនោះកីឡាករ សាលី ហ្វីលីន ទទួលបានលេខ៤ លើវិញ្ញាសាស្គីអង្គុយ និងកីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានលេខ៤ ដូចគ្នាលើវិញ្ញាស្គីឈរ គ្រាដែលកាលពីដំណាក់កាលទី១ ពួកគេទទួលបានចំណាត់ថ្នាក់លេខ៦ ដូចគ្នា។ គួរបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 នៅប្រទេសថៃនេះគឺបែងចែងការប្រកួតជា ៤ដំណាក់កាលដោយមានកីឡាករ ៥ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះថៃ អាមេរិក អាល្លឺម៉ង់ ឡាវ និងកម្ពុជា។ ចំពោះកីឡាករកម្ពុជាមាន ៥នាក់ដែលប្រកួតលើ ៣វិញ្ញាសាផ្សេងគ្នា។ រីឯដំណាក់កាលទី៣ គ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី៤-៥ ខែធ្នូខាងមុខនេះនៅទីក្រុងប៉ាតាយ៉ា៕
អត្ថបទ៖ លី ឈុនឡា