ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងជាមួយអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជា OPEC + លើការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្ត ជាការបន្ថែមលើកិច្ចខិតខំប្រឹងប្រែង ដើម្បីទូទាត់សងសម្រាប់ការលើសកូតា ក្នុងអំឡុងពេលប៉ុន្មានខែមុននេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ខ្លួន បានកើតឡើងក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ Hayan Abdul Ghani រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman Al Saud ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak និងអគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais ។
ក្រសួងអ៊ីរ៉ាក់ បានលើកឡើងថា ខ្លួននឹងដាក់ផែនការធ្វើបច្ចុប្បន្នភាព ដើម្បីទូទាត់សងសម្រាប់ផលិតកម្មអតិរេក ក្នុងអំឡុងពេលមុន ដោយគិតគូរពីការទទួលប្រេងរបស់រដ្ឋាភិបាលសហព័ន្ធ ដែលផលិតនៅក្នុងតំបន់ឃើដឌីស្តង់ពាក់កណ្តាលស្វយ័ត និងការបន្តការនាំចេញតាមបំពង់បង្ហូរអ៊ីរ៉ាក់-ទួរគី។
យោងតាមទិន្នន័យពីប្រភពមួយចំនួនដែលត្រូវបានអនុម័តដោយអង្គការ OPEC ការផលិតប្រេងឆៅរបស់អ៊ីរ៉ាក់ក្នុងខែមករា បានឈានដល់ ៣,៩៩៩ លានបារ៉ែល ក្នុងមួយថ្ងៃ ដែលជាសូចនាករវិជ្ជមាន ឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់របស់អ៊ីរ៉ាក់ចំពោះកម្រិតផលិតកម្ម ដែលបានព្រមព្រៀងគ្នា។
សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេងឆៅ ដែលមានប្រហែល ៩០% នៃប្រាក់ចំណូលរបស់ប្រទេសនេះ។