ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទឡូតូ យីហោ ៩៩៩៩ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សម្នាក់ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទ័រមួយឈុតសម្រាប់បើកឡូតូ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងល្បែងស៉ីសងប្រភេទឡូតូ យីហោ ៩៩៩៩ នៅចំណុចផ្ទះលេខ៩B ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្រ្តីអាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងបង្កប់ល្បែងស៉ីសងនេះ កម្លាំងបានស្រាវជ្រាវ និងចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្សម្នាក់ ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទ័រមួយឈុតសម្រាប់បើកឡូតូ។
ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរខណ្ឌ៧មករា បិទទ្វាទីតាំងជាបណ្ដោះអាសន្ន ដកហូតវត្ថុតាងយកទៅរក្សាទុកនៅសាលាខណ្ឌ ចំណែកអ្នកគ្រប់គ្រងទីតាំងត្រូវប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ បន្តចាត់តាមនីតិវិធី៕
អត្ថបទ៖ កុម្ភៈ











