ប្រធានាធិបតីបណ្តោះអាសន្នថ្មីរបស់ប្រទេសស៊ីរី លោក Ahmed Al-Sharaa បាននិយាយថា លោកគ្រោងនឹងបង្កើតគណៈកម្មាធិការយុត្តិធម៌អន្តរកាលមួយ នៅក្នុងសុន្ទរកថាមួយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីការបើកសន្និសិទកិច្ចសន្ទនាថ្នាក់ជាតិមួយ។
លោក Sharaa ដែលក្រុមឥស្លាមនិយម Hayat Tahrir Al-Sham របស់ខ្លួន បានផ្តួលរំលំប្រធានាធិបតី កាន់អំណាចយូរ លោក បាសា អាល់អាសាដ ( Bashar al-Assad ក្នុងខែធ្នូ ក៏បានសង្កត់ធ្ងន់ទៅលើការរួបរួមរបស់ប្រទេសស៊ីរី និង «ការគ្រប់គ្រងផ្តាច់មុខ»លើអាវុធដោយរដ្ឋ។
សន្និសិទការសន្ទនាថ្នាក់ជាតិ ដែលបានធ្វើឡើងនៅក្នុងវិមានប្រធានាធិបតី ក្នុងទីក្រុងដាម៉ាស( Damascus) គឺជាការចាប់ផ្តើមនៃដំណាក់កាលដ៏សំខាន់មួយសម្រាប់អភិបាលកិច្ចនាពេលអនាគតរបស់ប្រទេស បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏បំផ្លិចបំផ្លាញ។
លោក Sharaa បានប្រាប់សន្និសីទនេះថា៖ «ក្នុងរយៈពេលពីរខែកន្លងទៅនេះ យើងបានធ្វើការតាមដានអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិស៊ីរី។
«យើងនឹងធ្វើការលើការបង្កើតស្ថាប័នយុត្តិធម៌អន្តរកាលមួយ ដើម្បីស្ដារសិទ្ធិប្រជាពលរដ្ឋ ធានាយុត្តិធម៌ និងក្តីសង្ឃឹម និងនាំឧក្រិដ្ឋជន មកកាត់ទោស។