ធនាគារពិភពលោក អង្គការសហប្រជាជាតិ (UN) គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលអ៊ុយក្រែន បានរកឃើញថា បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ី ការប៉ាន់ស្មានពីការចំណាយ ដើម្បីស្ដារសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ បានកើនឡើងដល់ ៥២៤ពាន់លានដុល្លារ ជាកម្រិតជិត ៣ដងនៃទិន្នផលសេដ្ឋកិច្ចដែលត្រូវបានរំពឹងទុកនៅឆ្នាំ២០២៤។
ការសិក្សាថ្មីមួយដោយស្ថាប័នទាំងនេះ រួមមានទិន្នន័យពីការលុកលុយរបស់រុស្ស៊ី កាលពី ៣ឆ្នាំកន្លងទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំមុន ដោយរួមបញ្ចូលទាំងការកើនឡើងកម្រិត ៧០ភាគរយនៃការខូចខាត ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយសារការវាយប្រហាររបស់រុស្ស៊ី។
ការសិក្សានោះ បានបង្ហាញពីការកើនឡើងជាង ៧ភាគរយពីការប៉ាន់ប្រមាណចុងក្រោយនៃទឹកប្រាក់ចំនួន ៤៨៦ពាន់លានដុល្លារ កាលពីមួយឆ្នាំមុន ដោយលំនៅឋាន ការដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការអប់រំ គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ស្ថាប័នទាំងនេះបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាថា ការសិក្សានេះកំណត់បរិមាណនៃការខូចខាតរូបវ័ន្ត ដោយផ្ទាល់ ចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ផលប៉ះពាល់លើជីវិត និងជីវភាពរស់នៅរបស់ប្រជាជន និងការចំណាយ ដើម្បី «កសាងឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ»។
ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឲ្យបញ្ចប់សង្គ្រាមនេះ តាមរយៈការចរចាដាច់ដោយឡែកជាមួយរុស្ស៊ី និងអ៊ុយក្រែន ដោយបានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ថា កិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេច ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕