គណបក្ស Japan Innovation Party នៅប្រទេសជប៉ុន បានព្រមព្រៀងជាមួយគណបក្ស និងដៃគូរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី លោក Shigeru Ishiba គាំទ្រការកែសម្រួលផែនការថវិការដ្ឋចំនួន ១១៥សែនកោដិយ៉េន (៧៦៩,៥៩ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធថ្មី ចាប់ពីខែមេសា។ នេះបើតាមការឲ្យដឹងពីប្រធានគណបក្ស នាថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) នេះ។
ការសម្រេចរបស់គណបក្ស Japan Innovation Party ក្នុងការគាំទ្រថវិកាដែលត្រូវបានកែសម្រួល នឹងបើកផ្លូវឲ្យមានការអនុម័តរបស់ខ្លួន នៅក្នុងសភាជាន់ទាប មុនឆ្នាំថ្មីចាប់ផ្តើម បន្ទាប់ពីក្រុមរដ្ឋាភិបាលចម្រុះរបស់លោក Ishiba បានយល់ព្រមទទួលយកការទាមទារពីគណបក្សប្រឆាំងមួយនេះ។
កាកែសម្រួលឡើងវិញនេះ នឹងកា្លយជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៦ ដែលរដ្ឋាភិបាល នឹងត្រូវបង្ខំឲ្យផ្លាស់ប្តូរការបែងចែកថវិកាដំបូងរបស់ខ្លួន ដោយបង្ហាញពីការថយចុះនូវឥទ្ធិពលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក Ishiba និងដៃគូ គឺបក្ស Komeito បន្ទាប់ពីគណបក្សទាំង២ បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភា ក្រោយការបោះឆ្នោត នៅខែតុលាឆ្នាំមុន។
តែទោះយ៉ាងណាក្ដី បណ្ដាអ្នកវិភាគ លើកឡើងថា កម្រិតនៃការកែសម្រួលឡើងវិញនេះ អាចមានទំហំតូចល្មម ដើម្បីបញ្ចៀសការផ្លាស់ប្តូរដ៏សំខាន់ ចំពោះគម្រោងចេញសញ្ញាប័ណ្ណថ្មីចំនួន ២៨,៦សែនកោដិយ៉េន (១៩០,៧២លានដុល្លារ) ដែលនឹងក្លាយជាកម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ២០០៨។
ការរំពឹងទុក ដែលថា សភានឹងអនុម័តថវិកា ដើម្បីឲ្យមានការចេញសញ្ញាប័ណ្ណថ្មី នឹងផ្តល់នូវការធូរស្រាលដល់ទីផ្សារមូលបត្របំណុលដែលត្រូវបានរំជើបរំជួល ដោយសារការកើនឡើងនូវទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលជប៉ុន (JGB) នាពេលថ្មីៗនេះ៕