ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅដល់ទីក្រុងទេអេរ៉ង់ហើយ នៅថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ ដែលកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងមូស្គូ បានជួបពិភាក្សាដំបូងជាមួយសហរដ្ឋអាមេរិក ពោលគឺមានរយៈពេលត្រឹមតែមួយខែបន្ទាប់ពីលោក Donald Trump ត្រលប់ទៅសេតវិមាន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា លោក Lavrov នឹងពិភាក្សាអំពីបញ្ហាសំខាន់ៗ ទាំងក្នុងតំបន់ និងទ្វេភាគីជាមួយសមភាគីអ៊ីរ៉ង់ អំឡុងដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃរបស់លោក នៅប្រទេសអ៊ីរ៉ង់។
ជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះ កើតមានឡើងតែមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មី ដោយផ្តោតលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែលជាប្រភពចំណូលសំខាន់របស់សាធារណរដ្ឋឥស្លាមមួយនេះ។
កាលពីដើមខែនេះ លោក Trump បានចាប់ផ្ដើមឡើងវិញនូវយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់លោក ចំពោះអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញការនាំចេញប្រេងរបស់ប្រទេសនេះឲ្យដល់កម្រិតសូន្យ ដោយបានដាក់ឡើងវិញនូវគោលនយោបាយដ៏តឹងតែងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីរ៉ង់ ដែលត្រូវបានអនុវត្តពេញមួយអាណត្តិដំបូងរបស់លោក៕