ក្រុមហ៊ុនផលិតបារី Habanos របស់ប្រទេសគុយបា បាននិយាយកាលពីថ្ងៃចន្ទថា ការលក់បារីប្រណីតរបស់ក្រុមហ៊ុន បានហក់ឡើងខ្ពស់ជាប់កំណត់ត្រាចំនួន ៨២៧លានដុល្លារ ក្នុងឆ្នាំ ២០២៤ ស្របពេលដែលប្រាក់ចំណូលបន្តកើនឡើងពីទីផ្សារនៅប្រទេសចិន និងកន្លែងផ្សេងទៀតនៅទ្វីបអាស៊ី ។
លោក Jorge Perez គឺជាអនុប្រធានក្រុមហ៊ុន Habanos និយាយថា ប្រាក់ចំណូលបានកើនឡើងចំនួន ១៦ភាគរយ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ស្របពេលដែលក្រុមហ៊ុនមានតម្រូវការខ្ពស់ពីអ្នកជក់បារីនៅអាស៊ី គឺជាតំបន់មួយស្មើនឹង ១ភាគ ៤នៃការលក់របស់ក្រុមហ៊ុននៅទូទាំងសកលលោក ។
ធុរកិច្ចបារីគុយបា ស្ថិតក្នុងចំណោមឧស្សាហកម្មនាំចេញដ៏សំខាន់របស់ប្រទេសមួយនេះ ហើយវាចាំបាច់ខ្លាំងក្នុងការរករូបិយបណ្ណបរទេសក្នុងការទិញស្បៀងអាហារ ប្រេង និងឱសថ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Habanos គ្រប់គ្រង ៥០ភាគរយដោយរដ្ឋាភិបាលកុម្មុយនិស្តគុយបា និង ៥០ភាគរយទៀតគ្រប់គ្រងដោយក្រុមវិនិយោគទុនអាស៊ីស្ថិតក្រោមក្រុមហ៊ុនឆ័ត្រ Tabacalera ៕