នៅថ្ងៃអង្គារនេះ ក្រុមហាម៉ាស់ បានចេញសេចក្តីថ្លែងការណ៍ស្តីពីទារកនៅក្នុងតំបន់ហ្កាហ្សា ដែលបានកករហូតដល់ស្លាប់ ។
ក្រុមជីវពលប៉ាឡេស្ទីនមួយនេះ និយាយថា ការស្លាប់របស់ទារកទើបឆ្លងទន្លេ ៦នាក់ នៅតំបន់ហ្កាហ្សាស្រ្ទីប ដោយសារអាកាសធាតុត្រជាក់ខ្លាំង និងកង្វះខាតកម្តៅ ហើយវត្តមានរបស់ក្មេងៗជាច្រើននៅក្នុងមន្ទីរពេទ្យដោយមានស្ថានភាពធ្ងន់ធ្ងរ គឺជាលទ្ធផលនៃនគោលនយោបាយឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ហើយនិងការការពាររបស់ពួកគេមិនឲ្យជំនួយមនុស្សធម៌ចូល សម្រាប់មនុស្សជាង ២លាននាក់ ។
ពួកគេបន្តថា ករណីស្លាប់ទារកនេះ បានកើតមានឡើង នៅពេលដែលសហគមន៍អន្តរជាតិបន្តស្ងៀមស្ងាត់មិនព្រមលើកឡើងពីគ្រោះមហន្តរាមនុស្សធម៌ពុំធ្លាប់កើតមានពីមុនមក នៅតំបន់ហ្កាហ្សា ដោយសារការវាយប្រហារ និងការឡោមព័ទ្ធរបស់អ៊ីស្រាអែល ។
ក្រុមហាម៉ាស់ និយាយទៀតថា ពួកគេសូមទាមទារឲ្យក្រុមអ្នកសម្របសម្រួលចាត់វិធានការបន្ទាន់ដើម្បីបញ្ឈប់ការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់របស់អ៊ីស្រាអែល និងសូមឲ្យពួកគេអនុវត្តពិធីសារមនុស្សធម៌ ធានាការចូលដល់ទីជម្រក កំដៅ និងការផ្គត់ផ្គង់ជំនួយវេជ្ជសាស្រ្តបន្ទាន់ ទៅកាន់តំបន់ហ្គាហ្សា ៕
