ក្រុមមេធាវីសភាកូរ៉េខាងត្បូង ដែលស្វែងរកការដកតំណែងប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកបានប្រៀបធៀបរូបលោកទៅនឹងជនផ្តាច់ការកាលពីថ្ងៃអង្គារ ២៥កុម្ភៈសប្ដាហ៍នេះ អំឡុងសវនាការចុងក្រោយនៅឯការកាត់ក្តីចោទប្រកាន់របស់លោក។

នៅក្នុងសេចក្តីថ្លែងការណ៍បិទរបស់លោកទៅកាន់ចៅក្រមទាំងប្រាំបីរូបនៃតុលាការធម្មនុញ្ញដែលកំពុងពិនិត្យឡើងវិញលើការចោទប្រកាន់ទម្លាក់តំណែងរបស់លោក លោក Yoon បានការពារការសម្រេចចិត្តរបស់លោកថា ស្របច្បាប់ និងចាំបាច់ដើម្បីការពារប្រទេស។

លោក Yoon ប្រឈមការដកចេញពីតំណែង តិចជាងបីឆ្នាំនៅក្នុងតំណែងប្រធានាធិបតីរយៈពេល ៥ ឆ្នាំរបស់លោក ប្រសិនបើតុលាការគាំទ្រការចោទប្រកាន់របស់សភា ដែលបានចោទប្រកាន់រូបលោកពីបទការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ២០២៤ ដោយគ្មានហេតុផលរដ្ឋធម្មនុញ្ញ។
លោក Lee Kwang-beom ដែលជាមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់សភាបានប្រៀបធៀបលោក Yoon ទៅនឹងមេដឹកនាំកូរ៉េខាងត្បួងមុនៗ រួមមានលោកស្រី Park Chung-hee និងលោក Chun Doo-hwan ។
លោក Lee បានប្រកែកថា លោក Yoon ចង់បង្កើតពិភពលោកមួយដែលរាល់ពាក្យសម្ដីរបស់លោកនឹងត្រូវបានសរសេរទៅក្នុងរដ្ឋធម្មនុញ្ញ ហើយបានព្យាយាមធ្វើឯកជនភាវូបនីយកម្មប្រទេស និងគ្រប់គ្រងលើរដ្ឋធម្មនុញ្ញ។
លោកបានថ្លែងថា យើងហៅថាការគ្រប់គ្រងបែបនេះថាជារបបផ្តាច់ការ។ ពេលដែលលោកប្រកាសច្បាប់អាជ្ញាសឹក លោកបានបោះបង់តួនាទីរបស់លោកជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យរបស់យើង៕