អន្តរជាតិរាប់សិបប្រទេសបានកៀងគរគ្នាយ៉ាងរឹងមាំឈរនៅពីក្រោយអ៊ុយក្រែន ក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) រយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តពង្រាងសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិក ដែលមានជំហរអព្យាក្រឹតចំពោះជម្លោះអ៊ុយក្រែន។

ព្រឹត្តិការណ៍នេះ ដែលប្រារព្ធឡើងដើម្បីរំឭកដល់ "ការតស៊ូប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ី" បានកើតឡើងបន្ទាប់ពីសេចក្ដីសម្រេចដែលបានអនុម័តនៅទីក្រុងញូវយ៉ក ក្នុងខួបលើកទី៣ នៃសង្គ្រាម ដែលឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់របស់លោកប្រធានាធិបតី Donald Trump លើគោលនយោបាយរបស់សហរដ្ឋអាមេរិក លើអ៊ុយក្រែន និងជំហរផ្សះផ្សារបស់លោកចំពោះរុស្ស៊ី។

អនុរដ្ឋមន្ត្រីការបរទេសន័រវេស លោក Andreas Motzfeldt Kravik បានប្រាប់អង្គប្រជុំរបស់រដ្ឋមន្ត្រី និងអ្នកការទូតថា "អ៊ុយក្រែនមិននៅម្នាក់ឯងទេ។ ន័រវេស និងប្រទេសដទៃជាច្រើនទៀត នឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធសម្រាប់បូរណភាពទឹកដីរបស់ខ្លួន"។

ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់បានស្លាប់ ចាប់តាំងពីការវាយលុករបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ មក និងមនុស្សជាង ៦លាននាក់ផ្សេងទៀតរស់នៅជាជនភៀសខ្លួននៅបរទេស។ រុស្ស៊ី បាននិយាយថាខ្លួនពុំមានជម្រើសអ្វីក្រៅពីបញ្ចេញ "ប្រតិបត្តិការយោធាពិសេស" នេះដោយសារតែការពង្រីកទៅភាគខាងកើតនៃសម្ព័ន្ធយោធាណាតូ៕