ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើលើកទឹកចិត្តឱ្យចិនបើក ការធ្វើដំណើរចេញ-ចូលប្រទេសរវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។
ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះអាស៊ាន-ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតរមួតប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងតំបន់ទាំងពីរ។
ស្របពេលដែលចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខមួយ និងមានតួនាទីកាន់តែសំខាន់ និងច្រើនឡើង ទាំងក្នុងតំបន់ និងសកលលោក ហើយអាស៊ាន ក៏បានបំពេញ តួនាទីកាន់តែទូលំទូលាយនោះ ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ និងដែលមានអត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ ក៏ដូចជា សម្រាប់សកលលោកទាំងមូល ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។
សម្តេចតេជោ បានបន្តថា ជាទិសដៅអនាគត កម្ពុជាសូមលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹង ការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់ អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាព រំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន។
ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) គួរត្រូវបានជំរុញ និងយកចត្តិទុកដាក់បន្ថែម ដែលការណ៍នេះ នឹងពង្រឹងមូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុ វិស័យ នៃភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន ឆ្នាំ ២០៣០។
សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា សូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្តារ និងជំរុញ កំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ៩,៨% ក្នុងរយៈពេលត្រឹមតែ៩ ខែដំបូង ក្នុងឆ្នាំនេះ។ កម្ពុជា ក៏សូមអរគុណ និងវាយតម្លៃ ខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូច ជានៅក្នុងតំបន់ និងសកលលោក៕
អត្ថបទ៖ មុត សុទ្ធ





