រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងមិនចូលរួមកិច្ចពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលោកឡើយ ស្របពេលមានគោលនយោបាយ“សម្ពាធអតិបរមា”របស់ប្រធានាធិបតីអាមេរិក Donald Trump ប្រឆាំងខ្លួន។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មី ផ្តោតលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែលជាប្រភពចំណូលសំខាន់របស់អ៊ីរ៉ង់។
លោក Aragchi បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយតាមទូរទស្សន៍ជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ក្នុងទីក្រុង តេអេរ៉ង់(Tehran) កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា "ជំហររបស់អ៊ីរ៉ង់ទាក់ទងនឹងកិច្ចចរចានុយក្លេអ៊ែរគឺច្បាស់លាស់ ប្រទេសរបស់លោកនឹងមិនចរចាក្រោមសម្ពាធ និងការដាក់ទណ្ឌកម្មទេ" ។
ពុំមានលទ្ធភាពនៃការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើយ ដរាបណាសម្ពាធអតិបរិមាកំពុងត្រូវបានអនុវត្តតាមរបៀបនេះ។

បន្ទាប់ពីការវិលត្រឡប់របស់លោកជាថ្មីទៅកាន់សេតវិមានកាលពីខែមករាដើមឆ្នាំនេះ លោក Trump បានស្តារឡើងវិញនូវយុទ្ធនាការ "សម្ពាធអតិបរមា"លើប្រទេសអ៊ីរ៉ង់ ដែលរួមទាំងការបង្អាក់កិច្ចខិតខំប្រឹងប្រែងនាំចេញប្រេងរបស់ប្រទេសនេះដល់កម្រិតសូន្យ ក៏ដូចជាដាក់ចេញនូវគោលនយោបាយដ៏តឹងតែងលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានអនុវត្តពេញមួយអាណត្តិដំបូងរបស់លោក។
កាលពីដើមខែនេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បាននិយាយផងដែរថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក "មិនពោពេញដោយភាពឆ្លាតវៃ ឬកិត្តិយសឡើយ៕