ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) ថា ខ្លួនបានព្រមព្រៀងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគែរ លើដំណោះស្រាយមួយដើម្បីបញ្ចប់ការពន្យារពេលនៃការដោះលែងអ្នកទោសប៉ាឡេស្ទីន។
ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយមមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណោះស្រាយនោះគឺត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីនក្នុងពេលដំណាលគ្នាជាមួយនឹងការប្រគល់សាកសពចំណាប់ថ្នូរអ៊ីស្រាអែល ដែលបានព្រមព្រៀងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់។

ក្រុមហាម៉ាស លើកឡើងថា គណៈប្រតិភូរបស់ខ្លួន ដែលដឹកនាំដោយប្រធានក្រុមនៅដែនដីហ្កាហ្សា លោក Khalil Al-Hayya បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ "គ្រប់ដំណាក់កាល និងឃ្លាលក្ខខណ្ឌទាំងអស់"។

អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធមួយនេះបានប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ជុំវិញការដោះលែងជនជាតិប៉ាឡេស្ទីនជាង ៦០០នាក់ ដែលត្រូវបានពន្យារពេល ដោយសារអ៊ីស្រាអែលចោទក្រុមហាម៉ាសថារំលោភលើកិច្ចព្រមព្រៀង ក្នុងពេលប្រគល់ចំណាប់ថ្នូរជុំចុងក្រោយ។ សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស បានលើកឡើងថា វិបត្តិដែលអាចបង្អាក់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនោះត្រូវបានបញ្ចៀសរួចហើយ ប៉ុន្តែមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីស្រាអែលទេ៕