ក្រុមហ៊ុនបច្ចេកវិទ្យា DeepSeek កំពុងចាប់ឱកាសបង្កើនអត្ថប្រយោជន៍ ជុំវិញការបើកបង្ហាញម៉ូដែលបញ្ញាសិប្បនិម្មិត AI ថ្មី បន្ទាប់ពីស្ថាប័នចិនដែលទើបបើកថ្មីមួយនេះ វាយលុកទីផ្សារពិភពលោក និងបង្កឱ្យមានការលក់ភាគហ៊ុនបច្ចេកវិទ្យា ១សែនកោដិ៍ដុល្លារ បូករួមនឹងភាពរង្គោះរង្គើនៅក្នុងទីផ្សារភាគហ៊ុនសកលកាលពីខែមុន ជាមួយនឹងគំរូ AI តម្លៃទាប និងមានគុណភាពខ្ពស់របស់ខ្លួន ទល់នឹងម៉ូដែលតម្លៃថ្លៃរបស់ដៃគូប្រកួតប្រជែងលោកខាងលិចជាច្រើន។

ប្រភពចំនួនបីបានលើកឡើងថា ឥឡូវនេះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហាងចូវមួយនេះ កំពុងពន្លឿនការដាក់ឱ្យដំណើរការគំរូថ្មីបន្តពីម៉ូដែល R1 កាលពីខែមករា របស់ខ្លួន។ ប្រភពបន្តថា Deepseek បានគ្រោងនឹងចេញម៉ូដែល R2 ថ្មីនោះនៅដើមខែឧសភា ប៉ុន្តែឥឡូវនេះ ខ្លួនចង់ដាក់ចេញឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ក្រុមហ៊ុននេះនិយាយថា ខ្លួនសង្ឃឹមថា ម៉ូដែលថ្មីនេះនឹងផលិតការសរសេរកូដឱ្យកាន់តែប្រសើរជាងមុន និងអាចនិយាយជាភាសាជាច្រើនលើសពីភាសាអង់គ្លេស។ ព័ត៌មានលម្អិតនៃពេលវេលាដាក់ចេញមុនកំណត់របស់ម៉ូដែល R2 នេះមិនត្រូវបានរាយការណ៍ពីមុនមកទេ ហើយ DeepSeek ក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

អ្នកជំនាញនិយាយថា "ការចាប់ផ្តើមនៃម៉ូដែល R2 របស់ DeepSeek អាចជាពេលវេលាដ៏សំខាន់នៅក្នុងឧស្សាហកម្ម AI"។ បច្ចុប្បន្ននេះ ក្រុមហ៊ុនគូប្រជែងនៅតែបន្តស្វែងយល់ពីម៉ូដែល R1 ដែលត្រូវបានបង្កើតឡើងជាមួយនឹងបន្ទះឈីបមិនសូវមានថាមពល និងតម្លៃថោក Nvidia ប៉ុន្តែអាចមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងការអភិវឌ្ឍគំរូ AI ស្រដៀងគ្នានេះក្នុងតម្លៃរាប់រយពាន់លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក៕