រដ្ឋាភិបាលរបស់ប្រទេសចិន បានលើកឡើងនៅថ្ងៃពុធ (២៦ កុម្ភៈ) នេះថា កោះតៃវ៉ាន់ កំពុង "បំភ្លៃ និងបំភាន់" លើលទ្ធភាពនៃការពាក់ព័ន្ធរបស់ចិន នៅក្នុងការកាត់ផ្ដាច់ចុងក្រោយនៃបណ្ដាញខ្សែកាប្លិ៍ទំនាក់ទំនងក្រោមសមុទ្ររបស់ខ្លួន ដោយរិះគន់ខ្លាំងៗថា កោះស្វ័យគ្រប់គ្រងមួយនេះកំពុងបង្កើតឱ្យមានការសង្ស័យ មុនពេលមានការពិតច្បាស់លាស់។

កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរម្តងហើយម្តងទៀតអំពី "តំបន់ប្រផេះ" នៃសកម្មភាពចិនជុំវិញកោះនេះ។ ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ និយាយថា ខ្លួនបានឃាត់នាវាដឹកទំនិញមួយគ្រឿងដែលមានទំនាក់ទំនងជាមួយប្រទេសចិន កាលពីថ្ងៃអង្គារ បន្ទាប់ពីខ្សែកាប្លិ៍ក្រោមសមុទ្រក្បែរនោះ ដែលភ្ជាប់ទៅកាន់ប្រជុំកោះ Penghu ក្នុងច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ត្រូវបានកាត់ផ្តាច់។

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា ការខូចខាតខ្សែកាប្លិ៍ក្រោមសមុទ្រគឺជា "ឧបទ្ទវហេតុសមុទ្រធម្មតាប៉ុណ្ណោះ" ដែលកើតឡើងច្រើនជាងមួយរយដងក្នុងមួយឆ្នាំនៅទូទាំងពិភពលោក។ អ្នកនាំពាក្យរូបនេះបន្ថែមថា ខណៈដែលអង្គហេតុមូលដ្ឋាន និងអ្នកទទួលខុសត្រូវក្នុងគ្រោះថ្នាក់នេះមិនទាន់បញ្ជាក់ឱ្យច្បាស់លាស់នៅឡើយ តំបន់តៃវ៉ាន់បែរជាមានចេតនាបំផ្លើសស្ថានការណ៍ ក្នុងការប៉ុនប៉ងប្រើឧបាយកលនយោបាយរបស់ខ្លួន៕
