មន្ត្រីអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែល កំពុងពិចារណាលើការបន្ថែមពេលបទឈប់បាញ់រយៈពេល ៤២ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា ខណៈខ្លួនស្វែងរកការនាំយកចំណាប់ថ្នូរ៦៣នាក់ដែលនៅសល់ត្រឡប់មកផ្ទះវិញ ខណៈកំពុងពន្យាពេលកិច្ចព្រមព្រៀងស្តីពីអនាគតតំបន់ហ៊ុមព័ទ្ធ សម្រាប់ពេលនេះ។

ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចាប់ផ្តើមដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងជំនួយពីអ្នកសម្របសម្រួលអេហ្ស៊ីប និងប្រទេសកាតា នៅថ្ងៃទី១៩ ខែមករា នឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ខាងមុខនេះ ហើយវានៅតែមិនច្បាស់លាស់ថានឹងមានអ្វីកើតឡើង។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោកស្រី Sharren Haskel បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹម នៅពេលត្រូវបានសួរថាតើបទឈប់បាញ់អាចត្រូវបានបន្ថែមពេលដោយគ្មានការចាប់ផ្តើមកិច្ចចរចាលើដំណាក់កាលទីពីរដែលនឹងរួមបញ្ចូលបញ្ហាលំបាកជាច្រើនដូចជាការបញ្ចប់សង្គ្រាមចុងក្រោយ និងអភិបាលកិច្ចនាពេលអនាគតរបស់តំបន់ហ្កាហ្សា ថា «យើងកំពុងមានការប្រុងប្រយ័ត្នអំពីរឿងនេះ»។
លោកស្រី បាននិយាយបន្តថា «ពុំមានកិច្ចព្រមព្រៀងពិសេសលើរឿងនោះទេ ប៉ុន្តែវាអាចជាលទ្ធភាពមួយ។ «យើង ពុំបានបិទជម្រើសនៃការបន្ថែមពេលបទឈប់បាញ់បច្ចុប្បន្ននោះទេ ប៉ុន្តែដើម្បីជាថ្នូរទៅនឹងចំណាប់ថ្នូររបស់យើង ហើយពួកគេត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាព»។
ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់នៅថ្ងៃសុក្រនោះទេ ក្រុមមន្ត្រីរំពឹងថានឹងមានការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នា ឬធ្វើឲ្យស្ថានភាពបច្ចុប្បន្នជាប់គាំង ដែលបទឈប់បាញ់នឹងបន្ត ប៉ុន្តែចំណាប់ថ្នូរនឹងមិនត្រឡប់មកវិញទេ ហើយអ៊ីស្រាអែលអាចនឹងរារាំងជំនួយមិនឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា។