រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ចំនួន២០នឹងចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃពុធនេះ។

ការយកចិត្តទុកដាក់គឺផ្តោតសំខាន់លើថាតើ ប្ររទេស G20 នឹងអាចបង្ហាញពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចពិភពលោកឬយ៉ាងណា នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្លួន បន្ទាប់ពីការចាប់ផ្តើមរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ លោក Trump បានប្រកាសវិធានការដំឡើងពន្ធថ្មី និងស្នើឱ្យដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពន្ធសកល និងការចរចា។

អ្នកចូលរួមត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីរបៀបដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ចពិភពលោកដែលកាន់តែមានភាពមិនច្បាស់លាស់ និងច្បាប់ថ្មីសម្រាប់ការបង់ពន្ធអន្តរជាតិ ដូចជាការដាក់ពន្ធឱ្យបានត្រឹមត្រូវលើក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលផ្តល់សេវាឆ្លងព្រំដែនប្រទេស។
ទាក់ទងនឹងការបង់ពន្ធអន្តរជាតិ ប្រទេសជប៉ុន មានបំណងអំពាវនាវឱ្យមានតម្រូវការបង្កើតច្បាប់ថ្មីសម្រាប់រក្សាការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមអាជីវកម្ម ហើយចង់ដឹកនាំកិច្ចពិភាក្សា។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ត្រូវបានគេរំពឹងថានឹងអវត្តមានពីកិច្ចប្រជុំនេះ។