ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងស្នើឱ្យអាស៊ាន-ចិន គប្បី បន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះ ស្រាយនូវរាល់បញ្ហាប្រឈមរួម។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើក ទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញ កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួមក្នុងតំបន់ និងសកល លោកដោយសន្តិវិធី និងឈរលើស្មារតី នៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កា នៅក្នុងតំបន់។
សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្ដើម ប្រារព្ធខួប២០ឆ្នាំ នៃការ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ ២០២២។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់លើវឌ្ឍនភាព នៃការចរចាឆ្ពោះទៅរកការបញ្ចប់ក្រុមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់។
សម្តេចតេជោ បានបន្តថា កម្ពុជាសូមគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្ដីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹក ខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។
កម្ពុជាក៏សូមស្វាគមន៍ផងដែរ នូវគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។
ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា គំនិតផ្ដួចផ្តើមនេះ នឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-ចិន ឱ្យកាន់តែមានអត្ថន័យខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិ ការជាក់ស្តែង ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក៕
អត្ថបទ៖ មុត សុទ្ធ




