ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅសប្ដាហ៍នេះថា ការដំឡើងពន្ធរបស់លោកលើប្រទេសកាណាដា និងម៉ិកស៊ិក នឹងចាប់ផ្តើមនៅខែក្រោយ ដោយបញ្ចប់ការផ្អាករយៈពេលមួយខែលើពន្ធនាំចូលបានគ្រោងទុក ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យអតិផរណាកាន់តែធ្ង់ធ្ងរ។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានជាមួយប្រធានាធិបតីបារាំង Emmanuel Macron ថា អាមេរិកនឹងដើរតាមផែនការដំឡើងពន្ធ ហើយហាក់ដូចជា កំពុងឆ្ពោះទៅមុខយ៉ាងលឿន ។

ខណៈលោក Trump កំពុងឆ្លើយសំណួរជាក់លាក់មួយអំពីពន្ធ ដែលត្រូវគិតទៅលើដៃគូពាណិជ្ជកម្មដ៏ធំបំផុតចំនួនពីររបស់អាមេរិក ប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់កាន់តែខ្លាំងផងដែរថាផែនការដំឡើងពន្ធបដិការ ឬការដំឡើងពន្ធទៅវិញទៅមកមានទំហំស្មើគ្នា របស់លោក នឹងចាប់ផ្តើមភ្លាមៗនៅខែមេសា។
លោកថា ការដំឡើងពន្ធ នឹងបន្តទៅមុខតាមពេលវេលាដែលបានកំណត់។
លោក Trump បានប្រកាសដំឡើងពន្ធ២៥% លើ កាណាដា និងម៉ិកស៊ិក ខណៈ១០%លើប្រទេសចិនដែលបានចូលជាធរមានរួចហើយ។

លោក Trump បានអះអាងថា ប្រទេសផ្សេងទៀតគិតពន្ធនាំចូលមិនយុត្តិធម៌។ ការគំរាមកំហែងឥតឈប់ឈររបស់លោកអំពីការដំឡើងពន្ធបានបង្កើនការព្រួយបារម្ភក្នុងចំណោមអាជីវកម្ម និងអ្នកប្រើប្រាស់អំពីការធ្លាក់ចុះសេដ្ឋកិច្ច និងការបង្កើនល្បឿននៃអតិផរណា។ ប៉ុន្តែលោក Trump អះអាងថា ការដំឡើងពន្ធនាំចូលនៅទីបំផុតនឹងបង្កើតប្រាក់ចំណូល ដើម្បីកាត់បន្ថយឱនភាពថវិកាសហព័ន្ធ និងបង្កើនការងារថ្មីសម្រាប់កម្មករ៕