ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នៅថ្ងៃពុធ (២៦ កុម្ភៈ) នេះ បានអំពាវនាវឱ្យហ្វីលីពីន ដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ថៃហ្វុន (Typhon) របស់សហរដ្ឋអាមេរិក ចេញពីសមុទ្រចិនខាងត្បូង ដើម្បីសន្តិភាពក្នុងតំបន់ ដោយនិយាយថា ហ្វីលីពីន បានបំពានការសន្យារបស់ខ្លួនម្តងហើយម្តងទៀត ដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ។

កាសែត People's Daily របស់បក្សកុម្មុយនិស្តចិន បានលើកឡើងនៅក្នុងសេចក្ដីអត្ថាធិប្បាយមួយថា "តំបន់នេះត្រូវការសន្តិភាព និងវិបុលភាព មិនមែនមីស៊ីលរយៈចម្ងាយមធ្យម និងការប្រឈមមុខគ្នានោះទេ"។ ប្រព័ន្ធផ្សព្វផ្សាយបន្ថែមថា “ហ្វីលីពីនបានធ្វើខុសសម្ដីខ្លួនម្តងហើយម្តងទៀត ហើយបានប្រព្រឹត្តដោយជំនឿអាក្រក់តាំងពីដំបូងដោយសន្យាថា នោះគ្រាន់តែជាការដាក់ពង្រាយបណ្តោះអាសន្នប៉ុណ្ណោះ ហើយប្រព័ន្ធនេះនឹងត្រូវដកចេញ”។

ប្រព័ន្ធមីស៊ីល Typhon គឺជាផ្នែកមួយនៃការជំរុញរបស់អាមេរិក ដើម្បីប្រមូលអាវុធប្រឆាំងនាវាជាច្រើនប្រភេទនៅអាស៊ី។ សព្វាវុធនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីចិន នៅពេលត្រូវបានដាក់ពង្រាយជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៤ អំឡុងពេលសមយុទ្ធមួយ។

ប្រព័ន្ធសព្វាវុធដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនេះ អាចបំពាក់មីស៊ីលតម្រង់គោលដៅ ហើយមានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន។ ទីក្រុងប៉េកាំង បានទាមទារឱ្យដកប្រព័ន្ធនោះចេញ ហើយរុស្ស៊ី ក៏បានចូលរួមថ្កោលទោសការដាក់ពង្រាយប្រព័ន្ធនេះលើកដំបូងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចោទទីក្រុងវ៉ាស៊ីនតោន ថាបានបញ្ឆេះការប្រណាំងសព្វាវុធ៕