សេចក្ដីណែនាំដែលចេញដោយក្រសួងសន្តិសុខមាតុភូមិអាមេរិក កាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) បានឱ្យដឹងថា ជនអន្តោប្រវេសន៍រស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ដែលខកខានក្នុងការចុះឈ្មោះជាមួយរដ្ឋាភិបាលសហព័ន្ធ អាចប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ព្រមទាំងលទ្ធភាពនៃការជាប់ពន្ធនាគារ ឬទាំងពីរនេះ។

អ្នកនាំពាក្យក្រសួងនេះនិយាយថា "រដ្ឋបាលលោកប្រធានាធិបតី Donald Trump នឹងអនុវត្តច្បាប់អន្តោប្រវេសន៍ទាំងអស់ ដោយមិនជ្រើសរើសតែច្បាប់ជាក់លាក់ណាមួយក្នុងការអនុវត្តឡើយ ដើម្បីសុខសុវត្ថិភាព និងសន្តិសុខនៃមាតុភូមិ" ដោយមិនបញ្ជាក់លម្អិតពីតួលេខពិន័យ ឬរយៈពេលនៃការជាប់ពន្ធនាគារឡើយ។

គេហទំព័រសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍អាមេរិកបានឱ្យដឹងថា ជនអន្តោប្រវេសន៍អាយុលើសពី ១៤ឆ្នាំទាំងអស់ ដែលមិនបានផ្ដល់ស្នាមក្រយ៉ៅដៃ ឬចុះឈ្មោះនៅពេលដាក់ពាក្យសុំទិដ្ឋាការអាមេរិក និងអ្នកដែលបន្តស្នាក់នៅអាមេរិក ៣០ថ្ងៃ ឬយូរជាងនេះ តម្រូវឱ្យចុះឈ្មោះ និងផ្ដល់ស្នាមម្រាមដៃ ហើយនៅពេលដំណើរការនោះរួចរាល់ ក្រសួងសន្តិសុខមាតុភូមិនឹងចេញភស្តុតាងនៃការចុះឈ្មោះ ដែលតម្រូវឱ្យជនអន្តោប្រវេសន៍អាយុលើសពី ១៨ឆ្នាំ ដាក់តាមខ្លួនគ្រប់ពេលវេលា។

នៅពេលចូលកាន់តំណែងឡើងវិញកាលពីខែមុន លោក Trump បានប្រកាសថា អន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនម៉ិកស៊ិក ជាគ្រាអាសន្នជាតិ ហើយបានបញ្ជាក្រសួងសន្តិសុខមាតុភូមិ ឱ្យធានាថាជនអន្តោប្រវេសន៍ត្រូវតែចុះឈ្មោះជាមួយរដ្ឋាភិបាលសហព័ន្ធ៕