អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិករាប់សិបនាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅក្រសួងសុខាភិបាល និងសេវាប្រជាជន HHS ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) ដើម្បីតវ៉ាប្រឆាំងនឹងសំណើកាត់បន្ថយមូលនិធិស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងការបណ្តេញបុគ្គលិកទ្រង់ទ្រាយធំថ្មីៗ ក្រោមរដ្ឋបាលលោកប្រធានាធិបតី Donald Trump។

លោក Todd Wolfson ប្រធានសមាគមន៍សាស្រ្តាចារ្យសាកលវិទ្យាល័យអាមេរិក (AAUP) បាននិយាយថា "ការប្រមូលផ្ដុំគ្នានេះគឺដើម្បីបដិសេធមិនព្រមស៊ូទ្រាំមើលលោក Trump និងសម្ព័ន្ធមិត្តមហាសេដ្ឋី Elon Musk របស់លោក បំផ្លាញស្ថាប័នដែលជួយជីវិតមនុស្សទៀតនោះទេ"។

កាលពីសប្តាហ៍មុន ចៅក្រមសហព័ន្ធបានពង្រីកការរារាំងបណ្តោះអាសន្នជុំវិញការកាត់បន្ថយយ៉ាងខ្លាំងរបស់រដ្ឋបាលលោក Trump ក្នុងការផ្តល់មូលនិធិស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ដែលអាចប៉ះពាល់ដល់ភ្នាក់ងារដូចជា វិទ្យាស្ថានសុខភាពជាតិ (NIH) ជាដើម។

បាតុករនៅខាងក្រៅអគារក្រសួងសុខាភិបាលបានអះអាងថា ការកាត់បន្ថយទាំងនេះអាចបង្កគ្រោះថ្នាក់ដល់ការស្រាវជ្រាវសម្រាប់ជំងឺដែលសម្លាប់មនុស្សលឿន ដូចជា មហារីក អាល់ហ្សៃមឺរ ឬហៅថាជំងឺរង្វេងភ្លេចភ្លាំង ដែលអាចសម្លាប់កោសិកាខួរក្បាល និងជំងឺទឹកនោមផ្អែមជាដើម។ មេដឹកនាំមកពីអង្គការការងារជាច្រើន សម្ដែងកង្វល់នៅក្នុងបាតុកម្មនេះ ហើយបានជំរុញឱ្យប្រជាជនអំពាវនាវឱ្យសមាជិកសភាចូលរួមប្រឆាំងនឹងសំណើកាត់បន្ថយថវិកាទាំងនោះ៕