នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់ និង២៣នាក់ បានរងរបួស នៅ ប្រទេសថៃភាគខាងកើត នៅថ្ងៃពុធនេះ បន្ទាប់ពីរថយន្តក្រុងទេសចរណ៍មួយគ្រឿង មានបញ្ហាហ្រ្វាំង ហើយបានក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹក។

នគរបាល បាននិយាយថា «វាជាផ្លូវចុះចំណោត ជាន់ហ្វ្រាំងមិនជាប់ ហើយអ្នកបើកបរបានបាត់បង់ការគ្រប់គ្រង មុនពេលរថយន្តក្រឡាប់»។ អ្នកស្លាប់គឺជាមនុស្សពេញវ័យក្នុងដំណើរធ្វើទស្សនកិច្ចសិក្សា។ មន្ត្រីនគរបាលបានប្រាប់សាររព័ត៌មានរ៉យទ័រថា រថយន្តក្រុងនេះដឹកមនុស្សចំនួន ៤៩ នាក់ ដែលសុទ្ធតែជាជនជាតិថៃទាំងអស់ រួមទាំងអ្នកបើកបរ ផងដែរ។

ការបង្ហោះនៅតាមបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញពីបុគ្គលិកជួយសង្គ្រោះ និងបុគ្គលិកពេទ្យ នៅកន្លែងកើតហេតុក្នុងខេត្ត Prachinburi មានចម្ងាយ១៥៥គីឡូម៉ែត្រ ភាគខាងកើតទីក្រុងបាងកក។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត(Paetongtarn Shinawatra) បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបាននិយាយថា ការស៊ើបអង្កេតកំពុងធ្វើឡើង។
យោងតាមរបាយការណ៍ឆ្នាំ ២០២៣ បានឲ្យដឹងថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសសមាជិកអង្គការសុខភាពពិភពលោកចំនួន ១៧៥ ប្រទេស សម្រាប់ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។