បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានសំរេចចែកផ្លូវគ្នាជាមួយអ្នកចាត់ការសញ្ជាតិណ័រវេសលោក Ole Gunnar Solskjaer ជាផ្លូវការហើយក្រោយបរាជ័យធ្ងន់ធ្ងរនៅទឹកដី Watford ៤-១ កាលពីថ្ងៃសៅរ៍។ ក្រុមបិសាចក្រហម Manchester United ឈ្នះតែ ១ប្រកួតប៉ុណ្ណោះក្នុង ៧ប្រកួតចុងក្រោយនៅ English Premier League ដែលធ្វើឱ្យធ្លាក់ខ្លួនដល់លេខ ៧ ក្នុងតារាងនៅពេលនេះតាមពីក្រោយ Chelsea ដល់ទៅ ១២ពិន្ទុ។

លោក Michael Carrick នឹងឡើងមកកាន់តំណែងបណ្តោះអាសន្នសិនរហូតក្លិបរកបានអ្នកចាត់ការថ្មី។ ទំរង់លេងធ្លាក់ចុះខ្លាំងរបស់ Manchester United គឺបូករួមទាំងចាញ់ Liverpool ៥-០ ក្នុងដីខ្លួនឯង ចាញ់ Manchester City ២-០ និងចាញ់ Leicester City ៤-២ ជាដើម។ រំលឹកថា លោក Ole Gunnar Solskjaer បានចូលកាន់តំណែងបន្តពី Jose Mourinho កាលពីខែធ្នូ ឆ្នាំ២០១៨ ក្នុងលក្ខខណ្ឌដឹកនាំបណ្តោះអាសន្ន មុនទទួលបានតំណែងពេញសិទ្ធិនៅខែមិនា ឆ្នាំ២០១៩ ក្នុងកិច្ចសន្យា ៣ឆ្នាំហើយក៏បានបន្តកិច្ចសន្យាថ្មីកាលពីខែកក្កដាដឹកនាំដល់ឆ្នាំ២០២៤។ តាំងពីការចាកចេញរបស់ Sir Alex Ferguson នៅឆ្នាំ២០១៣ Manchester United បានផ្លាស់ប្តូរអ្នកចាត់ការអស់ ៤នាក់ហើយរួមមាន David Moyes, Louis van Gaal, Jose Mourinho និង Ole Gunnar Solskjaer ដែលកាន់តំណែងបានយូរជាងគេ។

រដូវកាលមុន Manchester United បានលេខ ២ នៅ Premier League ដេញពីក្រោយ Manchester City ១២ពិន្ទុ និងចាញ់ Villarreal នៅវគ្គផ្តាច់ព្រ័ត្របាត់បង់ពាន UEFA Europa League។ រដូវកាលនេះកៅអីឈរលេខ ៧ នៅ Premier League, Manchester United កំពុងឈរលើគេក្នុងពូលនៅ UCL ស្មើពិន្ទុជាមួយ Villarreal ដែលនឹងត្រូវជួបគ្នានៅទឹកដីអេស្ប៉ាញយប់ថ្ងៃអង្គារស្អែក។ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer សរុប ១៦៨ប្រកួត Manchester United ឈ្នះ ៩១ប្រកួត ស្មើ ៣៧ និងចាញ់ ៤០ ស៊ុតបញ្ចូលទីគេ ៣០៨គ្រាប់របូតវិញ ១៨៣គ្រាប់៕
អត្ថបទ៖នាង សុភាវុធ