ទិន្នន័យបឋម នៅថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) នេះ បានបង្ហាញថា អត្រាការកំណើតរបស់កូរ៉េខាងត្បូង បានឡើងខ្ពស់នៅឆ្នាំ២០២៤ ជាលើកដំបូង ក្នុងរយៈពេល ៩ឆ្នាំ ដែលកម្រិតនេះត្រូវបានគាំទ្រដោយការកើនឡើងនៃការរៀបអាពាហ៍ពិពាហ៍ ជាសញ្ញាមួយ ដែលថា វិបត្តិប្រជាសាស្រ្តរបស់ប្រទេសនេះ អាចនឹងចាប់ផ្ដើមប្រសើរឡើង។
បើយោងតាមទិន្នន័យរបស់ស្ថាប័នស្ថិតិកូរ៉េ បានបង្ហាញថា អត្រានៃការមានកូនរបស់ប្រទេសនេះ ជាចំនួនជាមធ្យមនៃទារកដែលស្ត្រីត្រូវបានរំពឹងថា នឹងមាន ក្នុងអំឡុងពេលនៃជីវិតបន្តពូជរបស់ពួកគេ គឺ ០,៧៥ ក្នុងឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៣ អត្រាកំណើតបានធ្លាក់ចុះក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា ដោយធា្លក់មកត្រឹម ០,៧២ ដែលជាកម្រិតទាបបំផុត នៅក្នុងពិភពលោក ដោយធ្លាក់ពី ១,២៤ ក្នុងឆ្នាំ២០១៥ ដែលធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារល្បឿនធ្លាក់ចុះដ៏លឿនបែបនេះ។
ចាប់តាំងពីឆ្នាំ២០១៨ មក កូរ៉េខាងត្បូងបានក្លាយជាប្រទេសសមាជិកតែមួយគត់របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលមានអត្រាកំណើតទាបជាង ១។
កូរ៉េខាងត្បូងបានដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីលើកទឹកចិត្តដល់យុវជនឲ្យរៀបការ និងមានកូន បន្ទាប់ពីប្រធានាធិបតីលោក Yoon Suk Yeol ដែលកំពុងត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានប្រកាសពី «វិបត្តិប្រជាសាស្ត្រជាតិ» និងផែនការបង្កើតក្រសួងថ្មី ដែលផ្តោតលើការដោះស្រាយអត្រាកំណើតទាប។
អាពាហ៍ពិពាហ៍ដែលជាសូចនាករឈានមុខគេនៃកំណើតថ្មី បានកើនឡើង ១៤,៩ភាគរយ ក្នុងឆ្នាំ២០២៤ ដែលជាកម្រិតឡើងខ្ពស់បំផុត គិតចាប់តាំងពីទិន្នន័យត្រូវបានចាប់ផ្តើមចេញផ្សាយ នៅឆ្នាំ១៩៧០៕


