យោធារបស់ប្រទេសចិន នាថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) នេះ បានរៀបចំ «ការហ្វឹកហ្វឺនបាញ់ប្រហារ» នៅម្ដុំឆ្នេរភាគនិរតីរបស់កោះតៃវ៉ាន់ ជាសកម្មភាពមួយ ដែលទីក្រុងតៃប៉ិ បានពិពណ៌នាថា ជាការបង្កហេតុ និងគ្រោះថ្នាក់ ខណៈដែលមេដឹកនាំជាន់ខ្ពស់ចិន បានប្តេជ្ញាថា នឹងប្រឹងប្រែងឥតឈប់ឈរ ដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។
កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ និងដែលត្រូវបានចិនចាត់ទុកថា ជាដែនដីរបស់ខ្លួន បានសម្ដែងក្ដីបារម្ភម្តងហើយម្តងទៀត អំពីសកម្មភាពយោធារបស់ចិន ក្នុងនោះរួមទាំងសមយុទ្ធទ្រង់ទ្រាយធំជាច្រើនដង ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
ស្ថាប័នការពារដែនកោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាំងពីមុនម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១ ម៉ោងសកល) ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៣២គ្រឿង ដែលកំពុងធ្វើ «សមយុទ្ធត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
អមដោយការអះអាងថា ប្រទេសនេះនឹងអនុវត្ត «ការហ្វឹកហាត់បាញ់ប្រហារ ឬប្រយុទ្ធ» ស្ថាប័ននេះបានបន្ថែមថា៖ «ក្នុងអំឡុងពេលនេះ ប្រទេសនេះថែមទាំងបានបំពានលើការអនុវត្តអន្តរជាតិដោយចេតនា ដោយការបង្កើតតំបន់សមយុទ្ធ នៅក្នុងដែនទឹកចម្ងាយប្រហែល ៤០ម៉ាយល៍ណត់ (៧៤គីឡូម៉ែត្រ) ពីម្ដុំឆ្នេរនេះ ដោយគ្មានការព្រមានជាមុន»។
មិនទាន់មានការបញ្ជាក់ភ្លាមៗនៅឡើយទេពីប្រទេសចិនថា តើខ្លួនកំពុងធ្វើសមយុទ្ធថ្មី នៅជុំវិញកោះតៃវ៉ាន់ដែរ ឬយ៉ាងណា ហើយក្រសួងការពារជាតិ ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ។
នៅព្រឹកថ្ងៃពុធនេះ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិន Xinhua បានឲ្យដឹងថា មេដឹកនាំលំដាប់ទី៤ របស់បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច គឺលោក Wang Huning ក្នុងសប្តាហ៍នេះ បានអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងឲ្យកាន់តែខ្លាំងឡើងៗ ក្នុងបុព្វហេតុបង្រួបបង្រួមរបស់ប្រទេសចិន៕