ក្រសួងព័ត៌មាន បានឲ្យដឹងកាលពីថ្ងៃអង្គារថា សមាជិកជាង ៧០នាក់នៃក្រុមប្រដាប់អាវុធឥស្លាមនិយម អាល់-សាបាប (Al-Shabab) ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការរបស់កងទ័ព ជាមួយកងកម្លាំងក្នុងតំបន់ នៅក្នុងប្រទេសសូម៉ាលី។
ក្រុម Al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា (Al-Qaeda) បានប្រយុទ្ធជាមួយរដ្ឋាភិ បាលសហព័ន្ធអស់រយៈពេលជាង ១៥ឆ្នាំ មកហើយ ដើម្បីព្យាយាមបង្កើតច្បាប់ឥស្លាម នៅក្នុងប្រទេសក្រីក្រមួយនេះ។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រុមសកម្មប្រយុទ្ធជ្រុលនិយមជាង ៧០នាក់ ត្រូវបានសម្លាប់ តាមរយៈការខិតខំប្រឹងប្រែងរួមរបស់កងទ័ពជាតិ និងកងកម្លាំងក្នុងតំបន់»។
«ជាការបន្ថែមពីលើការបាត់បង់យ៉ាងច្រើនរបស់ក្រុមសកម្មប្រយុទ្ធ ឃ្លាំងអាវុធដ៏ធំមួយ ត្រូវបានរឹបអូស ហើយរថយន្តប្រយុទ្ធជាច្រើនគ្រឿង ដែលប្រើប្រាស់ដោយក្រុមជ្រុលនិយម ត្រូវបានបំផ្លាញចោល»។
ក្រសួងបានបន្ថែមថា ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃអង្គារ នៅកន្លែងជាច្រើន ក្នុងរដ្ឋ Hirshabelle នៅភាគខាងត្បូងប្រទេសសូម៉ាលី។