តុលាការទុយនីស៊ី បានកាត់ទោសប្រហារជីវិតជនជាប់ចោទ ៨នាក់ កាលពីថ្ងៃអង្គារ ជុំវិញការធ្វើឃាត កាលពីឆ្នាំ ២០១៣ លើឥស្សរជនឆ្វេងនិយមលោក Mohamed Brahmi។ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការចោទប្រកាន់ទាំងនោះ រួមមាន «ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបស់រដ្ឋ» និង «ការញុះញង់ឲ្យមានជម្លោះប្រដាប់អាវុធ»។
យោងតាមរបាយការណ៍បានឲ្យដឹងថា ចុងចោទបីនាក់ ក៏បានទទួលការកាត់ទោសប្រហារជីវិតបន្ថែមសម្រាប់«ការចូលរួមដោយចេតនាក្នុងឃាតកម្មគិតទុកជាមុន»។
របាយការណ៍បានបញ្ជាក់ថា ជនជាប់ចោទទី ៩ ដែលកំពុងគេចខ្លួន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទ «មិនបានរាយការណ៍អំពីឧក្រិដ្ឋកម្មភេរវកម្ម ទៅអាជ្ញាធរ»។
ប្រទេសទុយនីស៊ី នៅតែកាត់ទោសប្រហារជីវិត ជាពិសេសនៅក្នុងករណី «អំពើភេរវកម្ម"» ទោះបីជាការផ្អាកជាក់ស្តែង ចាប់តាំងពីឆ្នាំ ១៩៩១ មានន័យថា ទោសទាំងអស់ ត្រូវបានកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពមកត្រឹមជាប់ពន្ធនាគារមួយជីវិត។
សាលក្រមនេះ គឺជាសំណុំនៃសេចក្តីសម្រេចដំបូង នៅក្នុងករណីនៃការធ្វើឃាតលោក Brahmi ដែលបានកើតឡើង នៅខាងក្រៅផ្ទះរបស់លោក នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៣ ចំពេលមានទិដ្ឋភាពនយោបាយដ៏ចលាចល ក្រោយបដិវត្តន៍នៅក្នុងប្រទេសទុយនីស៊ី។