នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសនេះ នឹងបង្កើនការចំណាយលើវិស័យការពារជាតិ រហូតដល់ ២,៥ %នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៧។
ថ្លែងនៅក្នុងសភា មុនជំនួបរបស់លោក ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ លោក Starmer បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមិនរំពឹងទុក។
លោកបានប្រាប់សភាថា៖«យើងនឹងផ្តល់នូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការចំណាយ ២,៥%នៃផលិតផលក្នុងស្រុកសរុប ( GDP) លើវិស័យការពារជាតិ ប៉ុន្តែយើងនឹងបង្កើនរហូតដល់កម្រិតនោះ នៅឆ្នាំ ២០២៧»។ «ដូច្នេះហើយ យើងនឹងបញ្ជាក់ពីចំនួននេះ ដល់សភាទាំងមូល»។
លោកនាយករដ្ឋមន្ត្រី ក៏បាននិយាយផងដែរថា ការចំណាយលើវិស័យការពារជាតិរបស់ចក្រភពអង់គ្លេសនឹងកើនឡើងដល់ ៣%នៃផលិតផលក្នុងស្រុកសរុប នៅក្នុងសភាបន្ទាប់ អាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបាននិយាយថា អឺរ៉ុបត្រូវតែធ្វើការបន្ថែមទៀត។