ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា មានអ្នកស្លាប់ ២៩នាក់ ក្នុងខេត្តចំនួន ២ នៅភាគនិរតីនៃប្រទេសអាហ្វហ្គានីស្ថាន ដោយសារភ្លៀងធ្លាក់ខ្លាំងលាយដោយដុំព្រិល។
លោក Mohammad Israel Sayar ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ថា៖ «មនុស្ស ២១នាក់ បានបាត់បង់ជីវិត ហើយ ៦នាក់ផ្សេងទៀត បានរងរបួស ដោយសារតែភ្លៀងធ្លាក់ខ្លាំងលាយដោយដុំព្រិល នៅក្នុងខេត្ត Farah ភាគខាងលិច»។ លោកបន្តថា ជនរងគ្រោះទាំងនោះ គឺជាសមាជិកនៃគ្រួសារចំនួន ២ ដែលបានទៅដើរលេងកម្សាន្ត។
ចំណែកនៅភាគខាងត្បូងខេត្ត Kandahar នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយមូលដ្ឋាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ៨នាក់ ក្នុងនោះមានរួមទាំងស្ត្រី និងកុមារផងដែរ បានស្លាប់ នៅកន្លែងផ្សេងៗគ្នា ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
សេចក្តីថ្លែងការណ៍នោះ បានរៀបរាប់ថា៖ «ថ្ងៃនេះ ស្ត្រី ៤នាក់ ដែលកំពុងរវល់បោកខោអាវ ត្រូវបានក្រសែទឹកជំនន់ហូរនាំទៅ ហើយមានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលនរួចជីវិត»។
សេចក្ដីថ្លែងការណ៍ បានបន្ថែមថា កុមារម្នាក់ បានលង់ទឹកស្លាប់ នៅក្នុងខេត្ត Kandahar ខណៈដែលដំបូលផ្ទះ បានបាក់រលំសង្កត់គ្រួសារមួយ ដោយបានសម្លាប់ស្ត្រីម្នាក់ និងកុមារ ៣នាក់ផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក បន្ទាប់ពីមានសង្គ្រាមរាប់ទសវត្សរ៍ អាហ្វហ្គានីស្ថានត្រូវបានប៉ះពាល់យ៉ាងធ្ងន់ថ្ងរ ដោយសារបម្រែបម្រួលអាកាសធាតុ ដែលអ្នកវិទ្យាសាស្ត្រ និយាយថា កំពុងជំរុញឲ្យមានអាកាសធាតុអាក្រក់ខ្លាំងឡើងៗ។ ប្រទេសនេះត្រូវបានចាត់ថ្នាក់ជាប្រទេសដែលងាយរងគ្រោះបំផុតទី៦ ដោយសារបម្រែបម្រួលអាកាសធាតុ៕